ដោយៈ សាវុធ
ភ្នំពេញៈ កុំចាំដល់អ្នកមានការងារថ្មីប្រាក់ខែច្រើនជាងមុន ឬរង់ចាំសំណាងត្រូវឆ្នោតរាប់ម៉ឺនដុល្លារ ដើម្បីដោះបំណុលនោះ អ្នកប្រាកដជាវ័ន្តកជាមិនខាន។ ជាការប្រសើរអ្នកគប្បីចាប់ផ្ដើមដោះស្រាយបញ្ហាពីឥឡូវនេះ មុនពេលវាកាន់តែធ្ងន់ធ្ងរ។ ចង់ដឹងអត់ថាត្រូវធ្វើយ៉ាងណាដើម្បីយករួចខ្លួន?។
ដើម្បីដោះស្រាយបញ្ហានេះ សូមសាកល្បងនូវវិធីសាស្រ្តមួយចំនួនខាងក្រោមនេះ
ទី១) គណនាបញ្ជីចំណូល ចំណាយប្រចាំខែ
អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា មួយខែអ្នកមានចំណូលប៉ុន្មាន ចាយអស់ប៉ុន្មាន និងសល់ប៉ុន្មាននៅចុងខែ? ដូចនេះដើម្បីជាការដាស់តឿនខ្លួនឯង អ្នកគួរតែកត់ទុកនិងគណនាក្នុងបញ្ជី ហើយកំណត់ទុកថវិការខ្លះសម្រាប់ការសងបំណុល។
ទី២) កុំឲ្យកំហុសដដែលកើតឡើងម្ដងទៀត
ក្រោយពីចាប់ផ្ដើមលើបញ្ជីចំណូល ចំណាយហើយ អ្នកត្រូវចាំបាច់ប្រព្រឹត្តខ្លួនបែបណាដើម្បីកុំឲលើសកំណត់។ បើមិនដូច្នេះទេ អ្នកប្រាកដជាត្រូវបន្ថែមបំណុលឲ្យខ្លួនឯងដោយសារការចាយវាយ លើសពីទឹកប្រាក់ដែលមានក្នុងក្រេដីតកាត។
ទី៣) ព្យាយាមកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់
ហាមខ្លួនឯងពីការផឹកកាហ្វេប៊្រេនៗ និងចូលហាងថ្លៃៗញាំអាហារ តែជំនួសទៅវិញដោយការផឹកកាហ្វេនៅផ្ទះ ធ្វើម្ហូបញាំខ្លូនឯង ឬខ្ចប់បាយប្រអប់អាហារថ្ងៃត្រង់ទៅញាំនៅកន្លែងធ្វើការជាដើម។ កាត់បន្ថយការដើរទិញឥវ៉ាន់ តាមចំណង់របស់ខ្លួន បើចាំបាច់ណាស់អ្នកគួរតែទិញរបស់ថោកៗឬមួយទឹក។ ត្រូវទន្ទេញក្នុងចិត្តថា អ្នកមានបំណុលត្រូវសង។
ទី៤) ប្ដូរទីលំនៅ
បើអ្នកកំពុងតែរស់នៅApartment ឬផ្ទះជួលមួយល្វែងម្នាក់ឯងនោះ ថ្លៃឈ្នួលច្បាស់ជាកប់ពពក។ ហេតុដូចនេះ អ្នកគួរតែពិចារណាប្តូរមកនៅបន្ទប់ជួលមួយ ដែលមានតម្លៃសមរម្យ។ ការធ្វើបែបនេះអាចជួយសន្សំថ្លៃចាយវាយបានមួយភាគធំ។
ទី៥) មធ្យោបាយធ្វើដំណើរ
បើអ្នកជិះឡាននោះ ប្រាកដជាត្រូវចំណាយច្រើនលើថ្លៃសាំង ថ្លៃថែទាំនិងថ្លៃខូចខាតជាប្រចាំខែ។ អាស្រ័យហេតុនេះ អ្នកគួរតែងាកមកជិះឡានក្រុងសាធារណៈវិញ ព្រោះវាថោកហើយដល់គោលដៅដូចគ្នា ថែមទាំងជួយថែរក្សាបរិស្ថានផងដែរ។
ទី៦) រកការងារក្រៅម៉ោងធ្វើ
ការរិះត្បិត និងសន្សំលើការចាយវាយវាជាកត្តាម៉្យា ងដែលជួយអ្នកសងបំណុល យ៉ាងណាមិញវាច្បាស់ជាមិនគ្រប់គ្រាន់ទេ ថែមទាំងចំណាយពេលយូរទៀតផងទម្រាំសងអស់។ វិធីល្អគឺរកការងារក្រៅម៉ោងធ្វើពេលអ្នកទំនេរល្ងាចឡើង ឬចុងសបា្តហ៍ដើម្បីបន្ថែមចំណូលលើប្រាក់បៀវត្សន៍ដែលមានស្រាប់កាន់តែល្អ៕ Spean៕