ជម្លោះពាណិជ្ជកម្ម! មហាយក្សចិនយកពន្ធជាង២០០ភាគរយលើផលិតផលស្រាអូស្ត្រាលីរយៈពេល៥ឆ្នាំ

ដោយៈ សុខុម

ក្រុងឡុងដ៍ៈ មហាយក្សចិន បានប្រកាសក្ដែងៗថា ខ្លួននឹងយកពន្ធខ្ពស់កប់ពពកលើផលិតផលស្រានាំចូលពីប្រទេសអូស្រ្តាលី សម្រាប់រយៈពេល៥ឆ្នាំបន្ទាប់។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១។

នេះជាចំណាត់ការមួយ ដែលគំរាមកំហែងរារាំងបណ្ដាក្រុមហ៊ុនផលិតស្រារបស់ប្រទេសអូស្ត្រាលី ចូលក្នុងប្រទេសចិន ដែលជាទីផ្សារនាំចេញធំបំផុតរបស់ខ្លួន និងធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែឡើងកម្ដៅ។

កាតព្វកិច្ចពន្ធកប់កប់ពពកដែលមានចាប់ពី១១៦ភាគរយ រហូតដល់២១៨ភាគរយ នេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រ ម្សិលមិញ និងធ្វើឡើងក្រោយការស៊ើបអង្កេតមួយដោយអាជ្ញាធរចិន បានរកឃើញ “ការលក់បង្ខូចថ្លៃ និងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ”។ សេចក្ដីប្រកាសនេះនឹងមានប្រសិទ្ធភាពអនុវត្តន៍ចាប់ពីថ្ងៃអាទិត្យ សប្ដាហ៍នេះតទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោក Tony Battaglene នាយកប្រតិបត្តិក្រុមហ៊ុនស្រាអូស្ត្រាលី Grape & Wine បានប្រាប់សារព័ត៌មាន Bloomberg ថា ឧស្សាហកម្មផលិតស្រាអូស្ត្រាលី ទំនងជានឹងធ្វើពាក្យបណ្ដឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ឱ្យជួយអន្តរាគមន៍នៅក្នុងករណីនេះ។ រហូតមកទល់នឹងពេលថ្មីៗនេះ ប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់ការនាំចេញស្រាអូស្ត្រាលី។

ទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងមហាយក្សចិន បានចាប់ផ្តើមកាន់តែអាក្រក់ទៅៗកាលពីខែមេសា ឆ្នាំ២០២០ បន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានអំពាវនាវឱ្យអន្តរជាតិបើកការសស៊ើបអង្កេតឯករាជ្យថា តើប្រភពដើមនៃវីរុសកូវីដ-១៩ ផ្ទុះចេញពីប្រភពណាឱ្យប្រាកដ។ ហើយមិនយូរប៉ុន្មាន ទំនិញនាំចេញមួយរបស់អូស្រ្តាលី រួមមានឈើ សាច់គោ និងធ្យូងថ្ម ក៏ចាប់ផ្តើមជួបការលំបាកពេលចូលក្នុងទីផ្សារប្រទេសចិន។

យោងតាមរបាយការណ៍មួយ ដែលសាកលវិទ្យាល័យជាតិអូស្រ្តាលី (Australian National University) បានចេញផ្សាយនៅដើមខែនេះបង្ហាញថា ការវិនិយោគរបស់ចិន នៅក្នុងប្រទេសអូស្រ្តាលី បានដាំក្បាលចុះរហូតដល់៦២ភាគរយ មកនៅត្រឹមជាង១ពាន់លានដុល្លារអូស្ត្រាលី (៧៦៣ លានដុល្លារ) ក្នុងឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩។

ក្រសួងពាណិជ្ជកម្មចិន បានដាក់ពន្ធគយបណ្តោះអាសន្នរហូតដល់២១២ភាគរយ លើការនាំចូលស្រាអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ។

យោងតាមស្ថិតិពីក្រុមឧស្សាហកម្មផលិតស្រាអូស្រ្តាលី Wine Australia បានឱ្យដឹងថា តម្លៃនៃការនាំចេញស្រាទៅកាន់ប្រទេសចិន បានដាំក្បាលចុះជិតដល់កម្រិតសូន្យកាលពីខែធ្នូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here