ដោយៈ សាវុធ
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំ និងអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនៃការជឿនលឿនក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
យុទ្ធសាស្ត្រនេះត្រូវបានលើកឡើង ក្នុងអំឡុងដែលក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្មដើម្បីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងវេទិកាត្រួតពិនិត្យជំនួយសម្រាប់ពាណិជ្ជកម្មប្រចាំឆ្នាំ២០២១ របស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីម្សិលមិញ។
លោកស្រីតឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅសិក្ខាសាលានេះថា ក្រសួងពាណិជ្ជកម្មបានអនុវត្តគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ពិសេស “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។
លោកស្រីបានថ្លែងបន្តថា ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីបង្កើតជាមូលដ្ឋានច្បាប់សម្រាប់អភិវឌ្ឍន៍វិស័យនេះ ព្រមទាំងបានចរចាលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកផងដែរ។
ជាមួយនោះដែរ ដើម្បីបង្កើតជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងរយៈពេលខ្លី និងមធ្យម ក្រសួងពាណិជ្ជកម្មក៏បានរៀបចំ និងអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវនៃការជឿនលឿន និងការចាប់យកយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រាសកម្ពុជាក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលជាស្តី្រនិងយុវជនផងដែរ៕







