អ្នកជំនាញព្រមានការនាំចេញរបស់កម្ពុជាអាចនឹងជាប់គាំង ប្រសិនបើកម្មករ និយោជិតឆ្លងជំងឺកូវីដច្រើន

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញ: ដោយសារការនាំចេញក្នុងវិស័យកាត់ដេរ និងការនាំចេញពីវិស័យឧស្សហកម្ម រួមចំណែកយ៉ាងធំនៃការនាំចេញសរុបរបស់កម្ពុជា។ តាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនដល់កម្មករនិយោជិតរោងចក្រ សហគ្រាសរបស់រដ្ឋាភិបាល ត្រូវបានគេមើលឃើញថា នឹងធានាដល់ការនាំចេញរបស់របស់កម្ពុជានៅតែបន្ត។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា វិស័យឧស្សាហកម្មកាត់ដេរ បានរួមចំណែកចន្លោះពី៣០ទៅ៤០ភាគរយ នៃផលិតផលសរុបក្នុងស្រុក(GDP)។ ហេតុនេះ បើសិនជាការរីករាលដាលនៃជំងឺកូវីដ១៩ ចូលទៅដល់វិស័យកាត់ដេរនេះពិតមែន នោះរោងចក្រកាត់ដេរទាំងអស់នឹងត្រូវបានបិទទ្វារ។

លោកបន្តថា អញ្ចឹងយើងមើលពីសង្វាក់ផលិតកម្មរបស់កម្ពុជា មានន័យថាGDP របស់កម្ពុជានឹងត្រូវអាក់ខាន ធ្លាក់មកនូវត្រឹមតែប្រមាណ៤០ភាគរយប៉ុណ្ណោះ ដែលនៅដំណើរការ នឹងត្រូវជាប់គាំងអស់៦០ភាគរយ។ លោកបន្តថា ការចាក់វ៉ាក់សាំងនេះ ក៏អាចនឹងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ស្តារឡើងវិញគ្រប់វិស័យ កាលណាយើងទប់ស្កាត់ការឆ្លងថ្ងៃ ២០កុម្ភៈ បានជោគជ័យហើយ ការចាក់វ៉ាក់សាំងនឹងបានពង្រីកកាន់តែច្រើនឡើងៗ កម្ពុជានឹងស្តារអាចសេដ្ឋកិច្ចរបស់ខ្លួនឡើងមកវិញបាន។

លោកអ្នកវិភាគសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា “អ្វីដែលរដ្ឋាភិបាលបានគិតគូរ និងការចែករំលែកវ៉ាក់សាំង ជូនទៅដល់បងប្អូនកម្មករ កម្មការនីនៅក្នុងរោងចក្រ ពិតជាវិសេ​សវិសាលមែន”។ លោកបន្តថា “នេះជាចំណុចសំខាន់ ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរបានរួមចំណែកប្រមាណ ៣០ ទៅ៤០ភាគរយ នៃGDP ហើយវិស័យនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែយើងមិនបានបិទការនាំចេញទំនិញទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការទទួលបាននូវវ៉ាក់សាំងនេះ ព្រោះថាយើងមានការព្រួយបារម្ភមកលើកម្មករ និយោជិត ដែលគាត់ធ្វើការងារជាសហគមន៍ ដែលជាក្រុម ជាបក្ស ជាពួកគាត់នឹងទៅតាមផ្នែកនីមួយៗ ដែលពួកគាត់អាចនឹងប្រឈមប្រសិនបើមានកម្មករណាម្នាក់ឆ្លងកូវីដមកពីខាងក្រៅចូលសហគមន៍។

លោកបន្តថា  “យ៉ាងណាមិញ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនកម្មករ និយោជិតយើងមេត្តាចូលរួមធ្វើការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នានាពេលខាងមុខនេះ”។លោក​បន្តថា “កុំមានការព្រួយបារម្ភចំពោះវ៉ាក់សាំងនេះ ពីព្រោះវ៉ាក់សាំងនេះផ្តល់នូវសារៈប្រយោជន៍ជូនបងប្អូនខ្លាំងណាស់អំពីការចម្លង ឬការឆ្លងចូលដល់ក្នុងខ្លួនរបស់បងប្អូន ដូច្នេះហើយសូមបងប្អូនចាក់ហើយ”។

កាលពីកន្លងទៅនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសមាគមរោងចក្រនៅកម្ពុជា (GMAC) ជួយសម្របសម្រួលជាមួយម្ចាស់ ឬនាយកគ្រប់គ្រង រៀបចំបញ្ជឺឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន១រូប ក្នុង១រោងចក្រ ដើម្បីចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។  ក្រសួងការងារបញ្ជាក់ថា ដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិយោជិត ក៏ដូចជាផលប្រយោជន៍រោងចក្រ ពីការឆ្លងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ និយោជិតរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here