ដោយ: គង់ សូរិយា
ភ្នំពេញ: អង្គការ អុកស្វាម (Oxfam’s Info) បានលើកឡើងថា សេដ្ឋកិច្ចប្រទេសកម្ពុជា នឹងចាប់ផ្តើមប្រសើរឡើងវិញ នៅពេលដែលប្រជាពលរដ្ឋគ្រប់រូប ទទួលបានវ៉ាក់សាំងប្រកបដោយប្រសិទ្ធិភាព។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលផ្តល់អាទិភាព ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធជាក្រុមបន្ទាប់ ដែលទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។
អង្គការនេះ (Oxfam’s Info) បានឲ្យដឹងទៀតថា វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមចំណែករហូតដល់៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ការធ្លាក់ចុះនៃវិស័យនេះ នឹងនាំប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលរួចផុតពីភាពក្រីក្រ មកធ្លាក់ក្នុងភាពងាយរងគ្រោះខ្លាំង និងពន្យារវិបត្តិសេដ្ឋកិច្ច ឲ្យកាន់តែវែងឆ្ងាយច្រើនឆ្នាំទៅមុខទៀត។
Oxfamបានស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់អាទិភាពដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមងាយរងគ្រោះខ្លាំងបំផុត ដូចជាអ្នកលក់ដូរតាមផ្លូវ អ្នកបើកបរតាក់ស៊ី និងម៉ូតូកង់បី កម្មករអនាម័យ បុគ្គលិកផ្នែកសេវាកម្ម កម្មកររោងចក្រ និងអ្នកដែលមិនអាចធ្វើការពីផ្ទះ បានឲ្យទទួលបានវ៉ាក់សាំងបន្ទាប់ពី “យុទ្ធនាការ១៥ថ្ងៃ ចាក់វាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនដល់មនុស្សចាស់”។
ការផ្តល់អាទិភាពនេះ នឹងមិនត្រឹមតែបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចែកចាយវាក់សាំង ប្រកបដោយសមធម៌នោះទេ ប៉ុន្តែវាជួយរក្សាសេដ្ឋកិច្ចកម្ពុជាឲ្យបន្តដំណើរទៅមុខ ក្នុងកាលទេសដ៏លំបាកនេះផងដែរ។
កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ បាននឹងកំពុងប្រយុទ្ធប្រឆាំងក្នុងការសង្រ្គោះជីវិតរបស់ពួកគេតាំងពីជម្ងឺកូវីដ១៩ រាតត្បាតដំបូងមកម៉្លេះ។ ពួកគេមួយចំនួនធំបានបាត់ បង់ការងារ និងត្រូវតស៊ូរៀងរាល់ថ្ងៃដើម្បីចិញ្ជឹមខ្លួនឯង និងគ្រួសារ។ ជម្ងឺដែលរីករាលដាលពេញប្រទេស និងទូទាំងពិភពលោកនេះ បានបង្រៀនយើងឲ្យដឹងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ដើរតួនាទីយ៉ាងសំខាន់។
ពួកគេប្រថុយប្រថានជីវិត និងបន្តផ្តល់ការថែទាំកូនៗរបស់ពួកយើង ដេរខោអាវសម្រាប់យើង ចំអិនអាហារ ដឹកយើងទៅមន្ទីរពេទ្យ សម្អាតផ្លូវ សម្អាតលូទឹកស្អុយ ប្រមូលសំរាម និងការងារផ្សេងៗទៀត ហើយដែលសំខាន់នោះ គឺពួកគេជួយឲ្យយើងមានសុវត្ថិភាព និងមានសុខភាពល្អ។
ដូច្នេះនៅពេលក្រុមងាយរងគ្រោះទាំងនេះ ទទួលបានវាក់សាំង យើងទាំងអស់គ្នានឹងមានសុវត្ថិភាពផងដែរ។ កម្មវិធីជំនួយវិបត្តិកូវីដ១៩ របស់រដ្ឋាភិបាលកម្ពុជា បានចែកជូនប្រជាពលរដ្ឋចំនួន២,៨លាននាក់ រហូតមកដល់ពេលនេះ ដោយរួមទាំងអ្នកធ្វើការជួរមុខ។ អង្គការសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងបង្ការកូវីដ១៩បន្ទាប់ ដែលមកដល់កម្ពុជានៅថ្ងៃនេះថែមទៀត នឹងផ្តល់អាទិភាពដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាក្រុមងាយរងបំផុតឱ្យទទួលបានគ្រប់ៗគ្នា។
នៅព្រឹកថ្ងៃទី២៦ ខែមីនានេះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ចិនចំនួន ១,៥លានដូស ខណៈវ៉ាក់សាំង ដែលជាជំនួយរបស់ចិនចំនួន ៧០ម៉ឺនដូសទៀត នឹងមកដល់នៅចុងខែមីនានេះដែរ។ នេះគឺជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនការចាក់ជូនប្រជាពលរដ្ឋ ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕







