ស្ថាប័នហិរញ្ញវត្ថុកម្ពុជានិងក្រុមហ៊ុនផ្ទេរប្រាក់ជប៉ុនសហការគ្នាសម្រួលការផ្ទេរ ប្រាក់ពីជប៉ុនមកកម្ពុជា

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុនCity Express Money Transfer Japan Co., Ltd. ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ឈានមុខគេមួយ របស់ប្រទេសជប៉ុន សហការគ្នាបង្កើតភាពជាដៃគូ ដើម្បីផ្តល់សេវាកម្មហិរញ្ញវត្ថុ សម្រួលដល់ការផ្ទេរប្រាក់ប្រជាជនកម្ពុជាទាំងអស់ដែលរស់នៅជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារឯកទេសវីងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា តាមរយៈធនាគារឯកទេស វីង ឥឡូវនេះ ប្រជាជនអាចផ្ញើប្រាក់ ដែលរកបានមកទ្រទ្រង់គ្រួសារ របស់ពួកគេបានភ្លាមៗ នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។

លោកម៉ានូ រ៉ាចាន់អគ្គនាយកនៃធនាគារឯកទេស វីង បានថ្លែងថា “ក្នុងកំឡុងពេលមានជំងឺរាតត្បាត កំពុងបន្តបែបនេះ វាចាំបាច់ណាស់ដែលយើងពង្រឹង សមត្ថភាពសេវាផ្ទេរប្រាក់ឆ្លងប្រទេស ដើម្បីគាំទ្រដល់តម្រូវការរបស់សហគមន៍យើង”។ លោកបន្តថា “ពលករកម្ពុជានៅជប៉ុន ឥឡូវអាចផ្ញើប្រាក់មកផ្ទះ ទោះជានៅដល់ភូមិដាច់ស្រយាលក៏ដោយ។ បច្ចុប្បន្នមានប្រជាជនកម្ពុជាជាង១០,០០០នាក់ បាននិងកំពុងធ្វើការនៅប្រទេសជប៉ុន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈភាពជាដៃគូនេះ ពួកគេអាចទៅម៉ាស៊ីនអេធីអឹមណាមួយ និងសាខាណាមួយ នៃក្រុមហ៊ុន City Express ជប៉ុន ហើយជ្រើសរើសផ្ញើប្រាក់តាមរយៈវីង។ បន្ទាប់មកពួកគេ នឹងទទួលបានលេខកូដ៨ខ្ទង់ សម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីដកប្រាក់នៅប្រទេសកម្ពុជា តាមរយៈភ្នាក់ងារវីងដែលមានជាង៩០០០កន្លែង ។

លោកShrestha Mahesh Kumar ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន City Express ជប៉ុនបានថ្លែងថា “យើងជឿជាក់ថា ភាពជាដៃគូនេះ នឹងបង្ហាញសមត្ថភាព សេវាហិរញ្ញវត្ថុរបស់យើង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ កាន់តែប្រសើរឡើងដល់ប្រជាជនកម្ពុជាទាំងអស់”។ លោកបន្តថា “បណ្តាញដ៏រឹងមាំ របស់ក្រុមហ៊ុនទាំងពីរ នឹងផ្តល់ការផ្ទេរប្រាក់ភ្លាមៗ និងមានសុវត្ថិភាព ដែលមានសារសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជារស់នៅក្នុងប្រទេសជប៉ុន”។

ក្រុមហ៊ុន City Express ជប៉ុន និងវីង តាំងចិត្តប្រើសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីជាប្រយោជន៍ដល់សហគមន៍។ ក្រុមហ៊ុន City Express ជប៉ុនប្តេជ្ញាផ្តល់ ដំណោះស្រាយផ្ទេរប្រាក់លឿនរហ័សគួរទុកចិត្ត និងមានសុវត្ថិភាពដល់អតិថិជន តាមរយៈបណ្តាញភ្នាក់ងារនៅទូទាំងពិភពលោក។ ដូចគ្នានេះដែរ ចក្ខុវិស័យរបស់វីង គឺផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ តាមទូរស័ព្ទជាមួយបណ្តាញភ្នាក់ងារវីង នៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here