ដោយៈ លក្ខិណា
ភ្នំពេញៈ ខណៈវ៉ាក់សាំង១,៥លានដូសបានមកដល់កម្ពុជានៅព្រឹកថ្ងៃទី២៦ មីនា២០២១នេះ ដែលជាការទិញពីប្រទសចិន កម្ពុជាបានត្រៀមថវិកា៤០លានដុល្លារសម្រាប់ទិញវ៉ាក់សាំង៤លានដូសបន្ថែមទៀត មកបំពេញបន្ថែមដើម្បីឱ្យពលរដ្ឋកម្ពុជា។ នេះបើតាមលោកស្រីយក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាលថ្លែងប្រាប់នៅពេលទទួលវ៉ាក់សាំងប្រទេសចិន នៅថ្ងៃនេះ។
លោកស្រីបានបន្តថា វ៉ាក់សាំងដែលទិញពីប្រទេសចិននៅពេលនេះគឺជាប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលវាមានតម្លៃ១០ដុល្លារអាមេរិកក្នុងមួយដូស និងត្រូវចាក់ចំនួន២ដងទៅលើពលរដ្ឋម្នាក់ ដើម្បីឱ្យវាមានប្រសិទ្ធភាពកាន់តែខ្លាំងប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រីបានថ្លែងទៀតថា សម្រាប់វ៉ាក់សាំងទើបមកដល់នេះ នឹងចាក់ជូន មន្ត្រីរាជការ ជនចាស់ជរា ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ដែលជាតំបន់ប្រឈម។
លោកស្រីពន្យល់ថា ការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែងពីវ៉ាក់សាំងស៊ីណូហ្វាម នោះទេ ហើយជីវិត វ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុង រយៈពេល៣៦ខែ ប៉ុន្តែ ក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈ ពេល៦ខែ ដើម្បីកាន់តែប្រសិទ្ធភាពភាព ។
រាជរដ្ឋាភិបាលចំណាយទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac)
ចំនួន១.៥លានដូស អស់ថវិកាចំនួន ១៥លានដុល្លារ។ វ៉ាក់សាំងអាចចាក់ចាប់ពីអាយុ១៨ ឆ្នាំឡើងទៅ ដោយមានប្រសិទ្ធភាពការពារចន្លោះពី៧០-៨០ ភាគរយ ចំណែកអាយុកាលវ៉ាក់សាំងមានរយៈពេល៣៦ខែ៕







