ដោយៈ សាវុធ
ភ្នំពេញៈ វិនិយោគិនសិង្ហបុរីបានបោះទុនវិនិយោគ១,២៩ពាន់លានដុល្លារអាមេរិកលើគម្រោងវិនិយោគនានានៅកម្ពុជា ក្នុងរយៈពេល២៦ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០ ខណៈវិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ក្នុងជំនួបជាមួយលោកស្រីធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរមានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)។
លោកស្រីធាវ ឡេ ឈិង បានថ្លែងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
លោកស្រីបានថ្លែងបន្តថា វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគិនសិង្ហបុរីបានសហការយ៉ាងជិតស្និតជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។
ជាមួយគ្នានេះដែរ សម្តេចប្រុមុខរដ្ឋស្តីទីបានស្នើដល់លោកស្រីឯកអគ្គរដ្ឋទូតជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃរីករាលដាលនៃជំងឺកូវីដ១៩៕