ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិកដាំក្បាលចុះ ខណៈវិនិយោគិនព្រួយបារម្ភពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក

ដោយៈ សុខុម

សិង្ហបុរីៈ ភាគហ៊ុននៅអាស៊ីប៉ាស៊ីហ្វិក បានដាំក្បាលចុះភាគច្រើននៅ ក្នុងការជួញដូរនៅថ្ងៃទី២៤ ខែមីនានេះ ខណៈបណ្ដាវិនិយោគិនព្រួយបារម្ភកាន់តែខ្លាំងអំពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ពីវិបត្តិវីរុសកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

សន្ទស្សន៍ផ្សារភាគហ៊ុន Nikkei 225 នៅប្រទេសជប៉ុន បានធ្លាក់ចុះ១,១% នៅក្នុងការជួញដូរនៅព្រឹកនេះ ហើយសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Topix បានធ្លាក់ចុះ១,៤៩% ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុនកូរ៉េខាងត្បូង Kospi បានធ្លាក់ចុះ០,១១%។

ភាគហ៊ុននៅចិនដីគោក ក៏បានដាំក្បាលចុះដែរ ដោយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងសៀងហៃ បានធ្លាក់ចុះ ០.៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងស៊ឹនជិន (Shenzhen) បានធ្លាក់ចុះ០.៣០៨% ចំណែកឯសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងហុងកុង Hang Seng បានធ្លាក់ចុះ០,៤៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា ភាគហ៊ុននៅប្រទេសអូស្រ្តាលី បានហក់ឡើង ដោយផ្សារភាគហ៊ុន S&P/ASX 200 របស់ប្រទេសនេះបានហក់ឡើង០,៥៥%។

MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក នៅក្រៅប្រទេសជប៉ុន បានដាំក្បាលចុះ ០,៤៣% ។

អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅដើមសប្តាហ៍នេះថា នៅក្នុងតំបន់ជាច្រើននៃពិភពលោកកំពុងមានការកើនឡើងនូវករណីឆ្លងវីរុសកូវីដ-១៩ ខណៈវីរុសបំប្លែងថ្មីនៃកូវីដ-១៩ កំពុងបន្តឆ្លងរាតត្បាត។ នៅទ្វីបអឺរ៉ុប អាជ្ញាធរកំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះយ៉ាងស្វិតស្វាញ ខណៈផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រលកទី៣។

ក្រុមហ៊ុនអ៊ីនធឺណិតយក្សរបស់ចិន Tencent គ្រោងនឹងប្រកាសលទ្ធផលត្រីមាសទី៤ និងលទ្ធផលប្រចាំឆ្នាំនៃអាជីវកម្មរបស់ខ្លួននៅថ្ងៃពុធ នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tencent ក្នុងទីក្រុងហុងកុង បានហក់ឡើងជាង ១% នៅក្នុងការជួញដូរនៅថ្ងៃពុធ នេះ។

នៅកោះតៃវ៉ាន់ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានដាំក្បាលចុះជាង ២% នៅក្នុងការជួញដូរនៅព្រឹកថ្ងៃពុធ នេះ។ ការដាំក្បាលចុះនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនផលិតកុំព្យូរទ័ររបស់សហរដ្ឋអាមេរិក Intel បានប្រកាសថា ខ្លួននឹងបោះទុន ២០ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីចំនួន ២ នៅរដ្ឋអារីហ្សូណា។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនវេបសាយចែករំលែកវីដេអូចិន Bilibili បានប្រកាសកាលពីថ្ងៃអង្គារ ទី២៣
មីនាថា ខ្លួននឹងកៀរគរការបណ្ដាក់ទុនឱ្យបាន ២០,២ ពាន់លានដុល្លារហុងកុង (ប្រហែល ២,៦ ពាន់លានដុល្លារអាមេរិក) នៅក្នុងការចុះបញ្ជីរបស់ខ្លួនលើផ្សារភាគហ៊ុនក្រុងហុងកុង ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីកំណត់តម្លៃភាគហ៊ុនរបស់ខ្លួន ៨០៨ ដុល្លារហុងកុង (១០៤ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុន។ តាមការរំពឹងទុកថា ភាគហ៊ុនរបស់ក្រុមហ៊ុន Bilibili នឹងចាប់ផ្តើមធ្វើការជួញដូរក្នុងទីក្រុងហុងកុង នៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។

កាលពីយប់មិញ សន្ទស្សន៍ផ្សារភាគហ៊ុនសហរដ្ឋអាមេរិក S&P 500 បានធ្លាក់ចុះ ០,៧៦% ចំណែកឯផ្សារភាគហ៊ុន Dow Jones ធ្លាក់ចុះ ៣០៨.០៥ ពិន្ទុ ខណៈផ្សារភាគហ៊ុន Nasdaq បានបានធ្លាក់ចុះ ១,១២%៕

LEAVE A REPLY

Please enter your comment!
Please enter your name here