World Bank: តំបន់​អាស៊ីអាគ្នេយ៍​អាច​ទាញយក​ឱកាស​វិនិយោគ​តម្លៃ៦ពាន់​លានដុល្លារ​ពី​កាកសំណល់​ប្លា​ស្ទិ​ក

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារពិភពលោក (World Bank) បាន​និយាយ​នៅក្នុង​ការសិក្សា​ថ្មី​មួយ​ថា បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ខាតបង់​អស់​ទឹកប្រាក់​ចំនួន៦ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​ភាគច្រើន ត្រូវបាន​បោះចោល​ជាជាង​កែច្នៃ​ឡើងវិញ ខណៈ​តំបន់​នេះ​អាច​ទាញ​ឱកាស​វិនិយោគ ពី​កាកសំណល់​នេះ​បាន​យ៉ាងច្រើន​សម្បើម។

យោងតាម​របាយការណ៍ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ប្លា​ស្ទិ​ក ដែល​អាច​កែច្នៃ​ឡើងវិញ​បាន​ជាង៧៥ភាគរយ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ថៃ និង​ហ្វីលីពីន​ត្រូវបាន​ទុកចោល ខណៈ​ប្លា​ស្ទិ​ក​ដែល​អាច​កែច្នៃ​ឡើងវិញ គឺជា“កាលានុវត្តភាព​អាជីវកម្ម​ដេ​ល​មិនទាន់មាន​អ្នក​ចាប់​ឱកាស​នេះ” ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg នៅ​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បាន​បង្ហាញថា ប្រទេស​ថៃ ដែលមាន​វិស័យ​គីមី​ឥន្ធនៈ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ កែច្នៃ​ឡើងវិញ​នូវ​ចំនួន​តូច​បំផុត នៃ​សំណល់​ប្លា​ស្ទិ​ច​របស់ខ្លួន ដែល​អត្រា​តិចជាង១៨ភាគរយ។ ការសិក្សា​បានបង្ហាញ​ថា ខណៈ​ថៃ​បានបង្ហាញ​ចំណាប់អារម្មណ៍ និង​បង្កើន​ការវិនិយោគ នៅក្នុង​រោងចក្រ​កែឆ្នៃ​កាកសំណល់​បា្ល​ស្ទិ​ក តែ​ក្រុមហ៊ុន​មួយចំនួន​តូច​ប៉ុណ្ណោះ ធ្វើការ​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ផលិត​ជ័រ​នៅ​ប្រទេស​នេះ។

ទាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន នៅក្នុង​ឧស្សាហកម្ម​វេច​ខ្ចប់ និង​ទំនិញប្រើប្រាស់ កំពុង​ជ្រើស​រើសយក​បា្ល​ស្ទិ​ក​កែច្នៃ​ឡើងវិញ សម្រាប់​ផលិតផល​របស់​ពួកគេ។

ទោះយ៉ាងណា អ្នកផ្គត់ផ្គង់​ផលិត​កែច្នៃ​ឡើងវិញ​បាន ភាគច្រើន​ជា​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិនមាន​ប្រព័ន្ធគ្រប់គ្រង ឬ​បច្ចេកវិទ្យា​គ្រប់គ្រាន់ ដើម្បី​បំពេញតម្រូវការ។

លោក Ndiamé Diop នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ បាន​មានប្រសាសន៍ថា “ការសិក្សា​ទាំងនេះ​បង្ហាញថា មានឱកាស​វិនិយោគ ដែល​អាច​ទាញយក​អត្ថប្រយោជន៍​ពី​បរិស្ថាន និង​សេដ្ឋកិច្ច ដោយ​ទាមទារ​ឱ្យមាន​អន្តរាគមន៍​ច្បាស់លាស់ និង​បន្ថែម​ពី​វិស័យ​ឯកជន និង​សាធារណៈ” ។

ធនាគារពិភពលោក​បាន​និយាយថា ការកសាង​គំរូ​អាជីវកម្ម សម្រាប់​ការកែច្នៃ​ប្លា​ស្ទិ​ក នឹង​ជួយ​បង្វែរ​កាកសំណល់​ពី​កន្លែង​ចាក់សំរាម ដោយ​កាត់បន្ថយ​ហានិភ័យ នៃ​ផលប៉ះពាល​ដល់​ទឹក​ទៀតផង។

កាកសំណល់​ប្លា​ស្ទិ​ក មាន​ចំនួន​រហូតដល់១៣លាន​តោន បាន​ហូរ​ចូល​មហាសមុទ្រ​ជា​រៀងរាល់ឆ្នាំ ដោយ​តំបន់​អាស៊ី​បាន​ចំណែក​ជាង៨០ភាគរយ​នៃ​កាកសំណល់​នេះ។ ប្រទេស​ហ្វីលីពីន និង​ថៃ គឺជា​ប្រទេស ដែល​បំពុលបរិស្ថាន​ប្លា​ស្ទិ​ក​អាក្រក់​ទី​បី និង​ទី៦ នៅលើ​ពិភពលោក​រៀង​គ្នា។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ធនាគារពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here