ដោយៈ លក្ខិណា
ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ជាង១០០០នាក់ និងបានធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម និងសេដ្ឋកិច្ចខ្លាំងជាងព្រឹត្តិការណ៍មុនៗ ខណៈអ្នកជំនាញសេដ្ឋកិច្ចក្រៅប្រព័ន្ធណែនាំថា អ្នករងផលប៉ះពាល់ពីវិបត្តិនេះគួរដូរមុខរបរ ដើម្បីរកចំណូលផ្គត់ផ្គង់ផ្គង់គ្រួសារ។
លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធបាននិយាយថា បើសិនជាព្រឹត្តិការណ៍នេះអូសបន្លាយដល់កន្លះឆ្នាំ ឬដល់ដាច់ឆ្នាំនេះ អ្នករងផលប៉ះពាល់គួរតែប្តូររបរវិញទៅ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។
លោកវន់ ពៅបានមានប្រសាសន៍ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ បានរាលដាលកាន់តែខ្លាំង និងបានធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ង រដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសអាជីវកម្ម របស់អ្នកប្រកបរបរក្រៅប្រព័ន្ធមួយចំនួន បានប៉ះពាល់ និងរកចំណូលស្ទើរតែលែងបានទៅហើយ ដូចជាក្រុមអ្នករត់តាក់ស៊ី ក្រុមម៉ូតូឌុប កង់បី និងអ្នកលក់ដូរតូចតាចជាដើម។
លោកបានបន្តថា បើសិនជាព្រឹត្តិការណ៍នេះ នៅអូសបន្លាយយូរទៀត រហូតដល់៦ខែឬ ដល់ឆ្នាំ២០២១ អ្នករងផលប៉ះពាល់មិនគួរនៅចាំនោះទេ គួរតែងាកទៅរករបរផ្សេង ដែលមិនប៉ះពាល់ពីកូវីដ១៩ និងសុវត្ថិភាពដូចជារបរកសិកម្ម ដែលអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងមិនខ្លាចប៉ះពាល់ពីកូវីដ១៩នោះទេ។
លោកបានថ្លែងថា តែរដ្ឋាភិបាលត្រូវជួយស្ដារប្រព័ន្ធធារាសាស្ត្រ ឱ្យបានគ្រប់គ្រាន់ ដើម្បីពួកគាត់អាចមានទឹកគ្រប់គ្រាន់ក្នុងការដាំដុះ។ ម្យ៉ាងទៀតរដ្ឋាភិបាលក្រសួងពាក់ព័ន្ធ ក៏គួរតែស្វែងរកទីផ្សារ និងធានាតម្លៃកសិផលរបស់កសិករ ដែលដាំដុះបានផងដែរ។
លោកបន្ថែមថា បើសិនជាកូវីដ១៩ ជាពិសេសព្រឹត្តិការណ៍២០ ខែកុម្ភៈ ២០២១នេះ អាចបញ្ចប់ត្រឹម១ខែ ឬ២ខែទៀត អ្នកប៉ះពាល់អាជីវកម្ម អាចរង់ចាំបាន ដោយពួកគេអាចត្របល់ទៅស្រុកនៅផ្ទះកិនអង្ករហូបសិន និងចាយវាយរបស់ ដែលរកបាននៅពេលកន្លងមកសិន ក៏ប៉ុន្តែទន្ទឹមនឹងនោះដែរ ធនាគារ មីក្រូហិរញ្ញវត្ថុ គួរតែយោគយល់ដល់ពួកគាត់ ក្នុងការពន្យារបង់សងត្រលប់ទៅវិញផងដែរ ព្រោះថាពេលនេះ គឺពួកគាត់បាត់ចំណូលស្ទើរតែទាំងស្រុងហើយ។
រដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានកៀងគរដល់ក្រុមហ៊ុនវិនិយោគទុនធំៗបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលការងារដល់ប្រជាពលរដ្ឋកម្ពុជា និងជួយផ្គត់ផ្គង់ដល់វត្ថុធាតុដើម សម្រាប់កសិករក្នុងការចិញ្ចឹមសត្វ និងដាំដំណាំជាដើម ៕







