តម្រូវការគ្រឿងអលង្ការធ្វើពីមាសកើនឡើងខ្ពស់ ខណៈតម្លៃមាសនៅអាស៊ី បានស្រុតចុះបន្តិច

ដោយៈសុខុម

ឥណ្ឌា:  ការធ្លាក់ចុះតម្លៃមាសមកដល់កម្រិតទាប ក្នុងរយៈពេល៩ខែកន្លងមកនេះ ដែលបានធ្វើឲ្យ តម្រូវការគ្រឿងអលង្ការមាសនៅអាស៊ីបានហក់ឡើងខ្ពស់ ដែលវាជាការវិនិយោគដើម្បីទុកចំណេញ។ នេះបើយោងតាមសារព័ត៌មាន Business Standard ចុះផ្សាយកាលពីថ្ងៃទី២៣ មីនា។

បន្ទាប់ពីតម្រូវការមាសដាំក្បាលចុះរយៈពេលមួយឆ្នាំ ឈ្មួញលក់រាយកំពុងសម្រុកទិញមាសទុក ដើម្បីច្នៃជាគ្រឿងអលង្ការ សម្រាប់លក់ទៅឱ្យអតិថិជន ដូចស្ត្រីមេផ្ទះឈ្មោះ Seema B វ័យ៣៥ឆ្នាំជាដើម ដែលបានទិញគ្រឿងអលង្ការថ្មីៗ នៅផ្សារលក់គ្រឿងអលង្ការ Zaveri Bazaar ក្នុងទីក្រុងមុំបៃ ប្រទេសឥណ្ឌា បន្ទាប់ពីផ្អាកទិញមួយរយៈពេលធំ។

ស្ត្រីរូបនេះនិយាយថា “តម្លៃមាសបានធ្លាក់ចុះបន្តិច ហើយការព្រួយបារម្ភជាទូទៅអំពីវីរុសកូវីដ-១៩ ក៏បានធូរស្រាលដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រីSeema B មិនខុសគ្នាប៉ុន្មានឡើយពីអ្នកផ្សេងៗទៀតឡើយ នៅក្នុងប្រទេសឥណ្ឌា និងប្រទេសម៉ាឡេស៊ី ដែលបានសម្រុកទិញគ្រឿងអលង្ការមាសសម្រាប់ចូលរួមពិធីមង្គលការ និងទិញទុកចំណញ។

ឈ្មួញលក់រាយនៅប្រទេសកូរ៉េខាងត្បូង កំពុងសម្រុកទិញដុំមាស ខណៈតម្រូវការនៅក្នុងប្រទេសចិន បានធ្វើឱ្យសន្ទុះលក់មាសហក់ឡើងខ្ពស់ ដូចកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ តម្រូវការមាសដុំ ប្រហែលជាអាចបញ្ឈប់តម្លៃមាសដាំក្បាលចុះបាន តាមរយៈការដំឡើងទិន្នផលមូលបត្របំណុល (Bond yield) និងរំហូរចេញក្រៅពីមូលនិធិជួញដូរដោយដុំមាស។

លោក Suki Cooper អ្នកវិភាគអំពីទីផ្សារមាសនៅធនាគារអង់គ្លេស Standard Chartered Bank បានលើកឡើងថា នៅពេលក្រុមវិនិយោគិនហិរញ្ញវត្ថុផ្អាកទិញ “ទីផ្សារមាសដុំ មានសារៈសំខាន់កាន់តែខ្លាំង នៅក្នុងការកំណត់ថ្លៃអប្បបមា (price floor)។ តម្លៃមាសអប្បរមាកំពុងចាប់ផ្តើមមានសភាពល្អប្រសើរហើយ”។

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះ០,៩%  មកនៅត្រឹម១.៧២៩ ដុល្លារក្នុងមួយអោន (ounce) កាលពីថ្ងៃច័ន្ទ ទី២២ មីនា។  កាលពីដើមខែនេះ មាសបានធ្លាក់ថ្លៃមកនៅក្រោម១,៧០០ ដុល្លារ ក្នុងមួយអោន ធ្លាក់ដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនា ដោយធ្វើឱ្យអ្នកប្រើប្រាស់សម្រុកទិញ ព្រោះតែពួកគេបានផ្អាកទិញមួយ    រយៈធំមកហើយ នៅពេលតម្លៃមាសបានហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានដល់ ២.០៧៥.៤៧ ដុល្លារ កាលពីខែសីហា ឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here