ដោយៈ លក្ខិណា
ភ្នំពេញៈ លោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសសិង្ហបុរីប្រចាំកម្ពុជា បានប្ដេជ្ញាថា ក្នុងអាណត្តិរបស់លោកស្រីដែលកាន់ជាទូតនៅក្នុងប្រទេសកម្ពុជានឹងជំរុញទំនាក់ទំនង ពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាកាន់តែប្រសើរបន្ថែមទៀត។
ក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីមានប្រសាសន៍ថា ប្រទេសទាំងពីរ មានទំនាក់ទំនងល្អកិច្ចសហប្រតិ បត្តិការក៏បានល្អ ទាំងវិស័យសេដ្ឋកិច្ចទាំងវិស័យពាណិជ្ជកម្ម ទាំងការវិនិយោគ ទាំងវិស័យបច្ចេកទេស និងទាំងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងបេសកកម្មរបស់លោកស្រីមកកម្ពុជា លោកស្រី នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាពង្រឹងនិងពង្រីក ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែ មានភាពរឹងមាំនិងរីកចម្រើនឡើង ថែមទៀត។
សម្ដេចតេជោ បានយល់ស្រប នឹងការវាយតម្លៃរបស់លោក ស្រីអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីពាក់ព័ន្ធនឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សម្ដេចបានមានប្រសាសន៍ថា “ទំនាក់ទំនងរបស់ ប្រទេសទាំងពីរ គឺមានជាយូរលង់ណាស់មកហើយ នោះគឺចាប់ផ្ដើមតាំងពីប្រទេសសិង្ហបុរីបានទទួលឯករាជ្យ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយនឹងកម្ពុជា”។
សម្ដេចតេជោបានបន្ថែមថា កូវីដបានបំផ្លាញគ្រប់គ្នា បានដាក់គម្លាតឱ្យនៅឆ្ងាយពីគ្នា មិនតែប៉ុណ្ណោះទេ ថែមទាំងឱ្យពាក់ម៉ាសនៅពេលដែលសន្ទនា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងគប្បី ត្រូវតែជំនះនូវបញ្ហានេះ ដោយត្រូវជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយដែលបានចុះរួចហើយកន្លងមក បន្ថែមទៅដោយការស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតស្របតាមសក្កានុពលដែលប្រទេសយើងទាំងពីរមាន ទោះបីយើងត្រូវតែអនុវត្តការងារនេះតាមគន្លងតាមបែបថ្មីយ៉ាងណាក៏ដោយ។
យោងតាមកន្លងមកថា ឆ្នាំ២០២០កន្លងទៅ ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-សិង្ហបុរី មានទំហំជិត២ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគសិង្ហបុរីនៅកម្ពុជាវិញ ក៏មានទំហំធំគួរឱ្យកត់សម្គាល់ផងដែរ បើទោះបីជាប្រទេសទាំងពីរមានវិបត្តិដោយសារកូវីដ១៩ក្ដី៕







