ក្រុមហ៊ុនមូលនិធិការពារហានិភ័យតម្លៃរាប់រយពាន់លានដុល្លារ គ្រោងពង្រីកការវិនិយោគនៅទ្វីបអាស៊ី

ដោយៈ សុខុម

ហុងកុង: ក្រុមវិនិយោគិនផ្នែកមូលនិធិការពារហានិភ័យ (Hedge Fund) ដែលមកពីទ្វីបអាមេរិកខាងជើង និងអឺរ៉ុប នឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងទ្វីបអាស៊ី ខណៈក្រុមវិនិយោគិនងាកចេញពីទីផ្សារទ្រព្យសកម្មដែលមានតម្លៃខ្ពស់កប់ក្ដោងនៅសហរដ្ឋអាមេរិក ដើម្បីក្ដោបក្ដាប់ឱកាសចំណេញពីការងើបឡើងវិញពីវិបត្តិវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន និងប្រទេសផ្សេងៗទៀតក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃទី២២ មីនា នេះ។

យោងតាមក្រុមហ៊ុនមូលនិធិការពារហានិភ័យនានារួមទាំងក្រុមហ៊ុន APS Asset Management ផងឱ្យដឹងថា ការសម្រុកវិនិយោគលើក្រុមហ៊ុនសហរដ្ឋអាមេរិក GameStop Corp ដែលបានធ្វើឱ្យឈ្មួញលក់រាយទិញលក់ៗភាគហ៊ុនទល់នឹងមូលនិធិការពារហានិភ័យ ប្រហែលជាធ្វើឱ្យទុនវិនិយោគហូរចូលតំបន់អាស៊ី កាន់តែច្រើនឡើន នៅពេលក្រុមវិនិយោគិនព្យាយាមបញ្ចៀសការខាតបង់ស្រដៀងគ្នាពីការសម្រុកលក់ចេញវិញពេលភាគហ៊ុនឡើងថ្លៃ។

ការស្ទង់មតិរបស់ក្រុមហ៊ុន Credit Suisse Group AG លើស្ថាប័នវិនិយោគជាង ២០០ ដែលមានទ្រព្យសកម្មជាមូលនិធិការពារហានិភ័យតម្លៃ ៨១២ ពាន់លានដុល្លារអាមេរិក បានបង្ហាញថា អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់ដ៏មានសក្ដានុពលដ៏គួរឱ្យចង់វិនិយោគបំផុតជាមួយនឹងតម្រូវការសុទ្ធរហូតដល់ទៅ ៥៥% បើធៀបនឹងតម្រូវការសុទ្ធសម្រាប់ទ្វីបអាមេរិកខាងជើង ដែលមានត្រឹមតែ ២០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Richard Johnston នាយកប្រចាំតំបន់អាស៊ី នៃក្រុមហ៊ុនផ្ដល់ប្រឹក្សាផ្នែកវិនិយោគរបស់អង់គ្លេស Albourne Partners បានលើកឡើងថា “ឆ្នាំនេះយើងនឹងឃើញរំហូរវិនិយោគកើនឡើងខ្លាំងដោយផ្អែកតាមការសន្ទនារបស់យើង។ វិស័យដែលយើងមើលឃើញថានឹងមានតម្រូវការខ្លាំងជាងគេបង្អស់នោះគឺ មូលបត្រចិន មូលនិធិការពារហានិភ័យ និងឥណទានឯកជន”។

ការផ្លាស់ប្តូរការវិនិយោគនេះអាចជួយជំរុញកំណើនក្នុងឧស្សាហកម្មមូលនិធិការពារហានិភ័យ ដែលមានទំហំតូចនៅឡើយរបស់អាស៊ី ដែលភាគច្រើនមានតែនៅក្រុងហុងកុង និងប្រទេសសិង្ហបុរី។ វិនិយោគិនទូទាំងពិភពលោកកំពុងព្យាយាមរិះរកវិធីធ្វើយ៉ាងណា ទាញយកផលចំណេញពីកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ខណៈមូលនិធិការពារហានិភ័យនៅអាស៊ី ទទួលបានលទ្ធផលល្អប្រសើរជាងគេអំឡុងវិបត្តិកូវីដ-១៩។

លោក Richard Johnston បានលើកឡើងថា ស្ថាប័នមួយចំនួននៅទ្វីបអាមេរិកខាងជើង កំពុងជំរុញឱ្យមានការលៃទុកដើមទុនចន្លោះពី ១៥% ទៅ ២០% នៃការវិនិយោគសរុបរបស់ខ្លួនសម្រាប់វិនិយោគក្នុងទីផ្សារប្រទេចិន។

យោងតាមទិន្នន័យផ្ដល់ដោយក្រុមហ៊ុនផ្ដល់ទិន្នន័យហិរញ្ញវត្ថុ Preqin បង្ហាញថា ទ្រព្យសកម្មសរុបក្រោមការគ្រប់គ្រងដោយមូលនិធិការពារហានិភ័យនៅអាស៊ីប៉ាស៊ីហ្វិក បានកើនឡើង ២០% កាលពីឆ្នាំមុនដល់ ១៥៥,៦ ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here