ក្រុមហ៊ុនអាមេរិកBlackstone សុំទិញក្រុមហ៊ុនកាស៊ីណូអូស្ត្រាលីCrown Resorts ក្នុងតម្លៃ៦,២ពាន់លានដុល្លារ

ដោយៈសុខុម

អាមេរិកៈ ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូរបស់អូស្ត្រាលីCrown Resorts Ltd បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២២ មីនាថា ក្រុមហ៊ុនមូលបត្រឯកជនរបស់សហរដ្ឋអាមេរិក Blackstone Group Inc បានសុំទិញខ្លួនក្នុងតម្លៃ៨.០២ ពាន់លានដុល្លារអូស្ត្រាលី (៦.១៩ ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាការចុះផ្សាយរបស់សារព័ត៌មាន CNA។

ការសុំទិញនេះ គឺគេគិតឱ្យតម្លៃ១១,៨៥ ដុល្លារអូស្ត្រាលី (៩,១៥ ដុល្លារអាមេរិក) ក្នុងមួយហ៊ុន ដោយកើនឡើង២០,២% បើធៀបនឹងតម្លៃបិទការជួញដូររបស់ក្រុមហ៊ុន Crown Resorts Ltd ៩,៨៦ ដុល្លារអូស្ត្រាលី (៧,៦២ ដុល្លារអាមេរិក) ក្នុងមួយភាគហ៊ុនកាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នក្រុមហ៊ុន Blackstone Group Inc មានភាគហ៊ុន១០% នៅក្នុងក្រុមហ៊ុន Crown Resorts Ltd ដែលខ្លួនបានទិញពីក្រុមហ៊ុនកាស៊ីណូMelco Resorts & Entertainment Ltd នៅម៉ាកាវ កាលពីខែមេសា ឆ្នាំមុន ដោយធ្វើឱ្យខ្លួនក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត២ នៅក្នុងក្រុមហ៊ុន Crown Resorts Ltd បន្ទាប់ពីមហាសេដ្ឋី James Packer ដែលជាស្ថាបនិករបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុនCrown Resorts Ltd និយាយថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួន មិនទាន់បានពិនិត្យផ្ទៀងផ្ទាត់ លើសំណើសុំទិញនេះនៅឡើយទេ ហើយបញ្ជាក់ថា ពេលនេះខ្លួននឹងចាប់ផ្តើមធ្វើការវាយតម្លៃរបស់ខ្លួន ដោយជំរុញឱ្យម្ចាស់ភាគហ៊ុននានា នៅឱ្យស្ងៀមសិន កុំទាន់ធ្វើសកម្មភាពនៅដំណាក់កាលនេះ។

ការព្យាយាមទិញយកនេះធ្វើឡើង នៅពេលនាយកប្រតិបត្តិកំពូលៗរបស់ក្រុមហ៊ុន Crown Resorts Ltd បានចុះចេញពីតំណែង ជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ បន្ទាប់ពីការស៊ើបអង្កេតមួយបានចោទប្រកាន់ថា ក្រុមហ៊ុននេះលាងលុយកខ្វក់ និងមានបញ្ហាអភិ​បាលកិច្ច។

រដ្ឋចំនួន៣របស់អូស្រ្តាលីបាននិយាយថា ខ្លួននឹងបន្តធ្វើការស៊ើបអង្កេតលើក្រុមហ៊ុន Crown Resorts Ltd ព្រោះប្រព័ន្ធផ្សព្វផ្សាយរបស់អូស្រ្តាលី ចោទប្រកាន់ក្រុមហ៊ុននេះថាបានធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ចំនួន៤ ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំង។

ប្រាក់ចំណូលរបស់ក្រុមហ៊ុន ក៏បានដាំក្បាលចុះខ្លាំងផងដែរ ដោយសារវិបត្តិវីរុសកូវីដ-១៩។ ទោះជាយ៉ាងណា ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានហក់ឡើងប្រហែល២,៤% នៅដើមឆ្នាំ២០២១នេះ បន្ទាប់ពីដាំក្បាលចុះជិត២០ភាគរយក្នុងឆ្នាំ២០២០៕

LEAVE A REPLY

Please enter your comment!
Please enter your name here