ក្រុមហ៊ុនផលិតអាហារនិងចំណីសត្វដ៏ធំរបស់ថៃបានដាក់ទុនវិនិយោគជាង៦៧លានដុល្លារនៅកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញ៖ ក្រុមហ៊ុនផលិតអាហារនិងចំណីសត្វ ស៊ីភី ពីប្រទេសថៃបានរាយការណ៍ថាខ្លួ នបានដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាក្នុងទឹកប្រាក់ប្រមាណ៦៧,៤លានដុល្លារអាមេរិកហើយ គិតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។ នេះយោងតាមរបាយការណ៍ពីក្រុមហ៊ុនស៊ីភី ប្រចាំប្រទេសកម្ពុជា កាលពីចុងសប្តាហ៍កន្លងមកនេះ។

ក្រុមហ៊ុនបានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង មួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តប៉ៃលិន ដែលរោងចក្រទាំងពីរមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ៥៥.០០០តោនក្នុងមួយខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០ម៉ឺនតោនក្នុងមួយឆ្នាំ និងដំឡូងមីក្រៀមចំនួន១០ម៉ឺនតោនក្នុងមួយឆ្នាំ។

ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀត ក្រុមហ៊ុនបានស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញបង្គប់តាមតម្រូវការរបស់រោងចក្រ និងជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍របស់ក្រុមហ៊ុនបានបង្ហាញថា ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០ម៉ឺនក្បាលក្នុងមួយសប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២ម៉ឺនក្បាលក្នុងមួយសប្តាហ៍។

ដើម្បីបំពេញឲ្យសេចក្តីត្រូវការសាច់មាន់ និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមាន់មួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន១ម៉ឺនក្បាលក្នុងមួយថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់ និងមួយផ្នែកទៀតលក់ជាផលិតផលកែច្នៃមានដូចជាសាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន៥០ម៉ឺនគីឡូក្រាម ។

ក្នុងគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនមានដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១៤០០គ្រួសារ នៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថានឹងមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩ ។

ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណីឲ្យបានពី១៥% ទៅ២០% ដើម្បីចូលរួមផ្គត់ផ្គង់ឱ្យតម្រូវការទីផ្សារក្នុងស្រុកដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងអាចធ្វើការនាំចេញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here