ជំហ៊ានសំខាន់ៗចំនួន៥ ដែលអ្នកគួរត្រៀមខ្លួនពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង

ដោយៈលក្ខិណា
ភ្នំពេញៈ វិបត្តិសេដ្ឋកិច្ចអាចកើតមានដោយសារកត្តាច្រើនយ៉ាង ដែលក្នុងនោះមានកត្តាវិបត្តិហិរញ្ញវត្ថុ ដែលនឹងជះឥទ្ធិពលដល់កិច្ចការងារជាច្រើន រួមទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់ទាំងក្នុងប្រទេស និងរវាងប្រទេស ។ តើយើងគួរត្រៀមខ្លួនផ្នែកហិរញ្ញវត្ថុដូចម្ដេចខ្លះពេលមានវិបត្តិសេដ្ឋកិច្ច?។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញនូវគន្លឹះសំខាន់មួយចំនួន សម្រាប់ដោះស្រាយពេលជួបវិបត្តិសេដ្ឋកិច្ច ដូចជា ទី១ ត្រៀមកញ្ចប់លុយសម្រាប់ពេលអាសន្ន វាគឺជារឿងល្អមួយ ប្រសិនបើយើងបានត្រៀមកញ្ចប់លុយ ដើម្បីការពារពេលមានអាសន្ន និងដើម្បីបំពេញតម្រូវការចាំបាច់ណាមួយ ដែលយើងមិនអាចដឹងមុន។

កញ្ចប់លុយអាសន្ន នឹងអាចជួយយើងបានមួយចំណែកធំ ឧទាហរណ៍ក្នុងករណីប្រាក់ខែត្រូវបានកាត់បន្ថយ ឬបាត់បង់ការងារ ការបង្អាក់ដំណើរការអាជីវកម្ម ឬបញ្ហាសុខភាព -ល-។
ទី២ ពិនិត្យចំណាយៈ ពេលស្រុកទេសកំពុងតែប្រឈមនឹងផលវិបាកដូចនេះ យើងត្រូវចេះពិនិត្យ គ្រប់គ្រងចំណាយរបស់យើង និងព្យាយាមកាត់បន្ថយចំណាយណាមិនចាំបាច់ផ្សេងៗ ។ ចំណាយមិនចាំបាច់ ដូចជា ដំណើរកំសាន្តទីជិតទីឆ្ងាយ ឬការទិញសម្ភារផ្សេងៗ បើអាចកាត់បន្ថយ ឬពន្យារពេលទិញពេលនេះបានគឺគួរតែកាត់បន្ថយ ។ ក្នុងពេលនេះ យើងមិនអាចចាយវាយតាមដែលចិត្តចង់ ខ្វះការពិចារណានោះទេ។

ម្យ៉ាងទៀត កុំភ្លេចណាថាយើងគួរបែងចែករវាងអ្វីដែលត្រូវការ (Needs) និងអ្វីដែលចង់បាន (Wants) ដើម្បីកាត់បន្ថយចំណាយមិនចាំបាច់ទាំងនោះ។
ទី៣ ជម្រះបំណុលចាស់ និង ជៀសវាងការខ្ចីប្រាក់ៈ ប្រសិនបើអ្នកមានបំណុលចាស់ត្រូវដោះស្រាយ អ្នកគួរជម្រះបំណុលនោះទាន់ពេល មានលទ្ធភាពសងម្ចាស់បំណុល មុនពេលប្រភពប្រាក់ចំណូលត្រូវរងទង្គិចពីវិបត្តិសេដ្ឋកិច្ច។ តែបើអ្នកកំពុងជួបបញ្ហារួចទៅហើយ អ្នកគួរសម្របសម្រួលជាមួយម្ចាស់បំណុលរបស់អ្នក សុំការយោគយល់លើស្ថានភាពនោះ។

លើសពីនេះ អ្នកគួរចៀសវាងខ្ចីលុយបន្ថែម ដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។
ទី៤ ពន្យារការវិនិយោគធំៗមួយចំនួនៈ ការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រហែលមិនមែនជាពេលវេលាសមប្រកប ក្នុងការចាប់ផ្ដើមវិនិយោគគម្រោងធំៗនិងថ្មីៗនោះទេ។ អ្នកប្រហែលជាត្រូវពិចារណាអោយច្បាស់លាស់ មុនធ្វើការសម្រេចចិត្តបោះទុនវិនិយោគលើការសាងសង់ ជួសជុលផ្ទះ ឬលើអាជីវកម្មនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៥ បង្កើតលំហូរប្រាក់ចំណូលបន្ថែម អ្នកគួរពិចារណាលើការបង្កើតលំហូរប្រាក់ចំណូលបន្ថែម ដោយការពឹងផ្អែកលើប្រភពចំណូលតែមួយ មិនអាចធានាស្ថេរភាពហិរញ្ញវត្ថុរបស់អ្នកបានទេនៅពេលនេះ។បណ្តាញលំហូរប្រាក់ចំណូលបន្ថែមអាចមានក្នុងទម្រង់ជា ប្រាក់ចំណូលអកម្ម (passive income) ការងារក្រៅម៉ោង ឬមុខរបរបន្ថែមផ្សេងៗ។

វិបត្តិសេដ្ឋកិច្ច មិនមែនជាពេលដែលយើងត្រូវភ័យខ្លាច និងបាក់ទឹកចិត្តនោះទេ ពោលគឺយើងត្រូវផ្តោតលើពេលវេលា ការខិតខំប្រឹងប្រែង និងកម្លាំងសម្បទា រៀបចំខ្លួនបង្កើតគម្រោងត្រៀមតទល់ជាមួយនឹងវា ដោយសារវិបត្តិនេះនឹងមិនកើតឡើងជារហូតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here