ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីបង្កើនសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ នេះយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចេញផ្សាយកាលពីម្សិលមិញ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើងរវាងលោកជា វ៉ាន់ដេត រដ្ឋក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំតំបន់អាស៊ី ដែលមានលោកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុ និងជាតំណាងក្រុមហ៊ុន តាមរយៈប្រព័ន្ធវីដេអូ។
អនុស្សរណៈនៃការយោគយល់នេះមានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជឿជាក់ថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានចូលក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
លោកបានថ្លែងបន្តទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សូមលើកទឹកចិត្តឱ្យសិស្ស-និស្សិតពិចារណាជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេង ក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាមូលដ្ឋានផងដែរ ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
លោកបានឱ្យដឹងទៀតថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា៕