ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងរយៈពេលជាង៣ខែចុងក្រោយនេះ តម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ រាប់ចាប់តាំងពីដើមខែធ្នូចុងឆ្នាំ២០២០កន្លងមកម្ល៉េះ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ឥន្ធនៈជាចាំបាច់បានរអ៊ូរទាំពីផលប៉ះពាល់ដោយសារកូវីដ១៩ផង និងតម្លៃសាំងឡើងថ្លៃផង។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្ដីពីតម្លៃលក់រាយនៃប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជាបានបង្ហាញកាលពីថ្ងៃទី១ ខែធ្នូ តម្លៃប្រេងសាំង ដែលក្រសួងកំនត់ឱ្យលក់យ៉ាងខ្ពស់បំផុតត្រឹម៣០០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង២៧៥០សម្រាប់ប្រេងម៉ាស៊ូត។ ចូលដល់ថ្ងៃទី១៦ ធ្នូ ២០២០ តម្លៃប្រេងសាំងធម្មតាបានហក់ឡើងដល់៣១៥០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតបានហក់ឡើងដល់ ២៨៥០រៀលក្នុងមួយលីត្រ។
តម្លៃប្រេងសាំងលក់រាយលើទីផ្សារប្រទេសកម្ពុជាបានហក់ឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៦ ខែមីនា ២០២១នេះ តម្លៃប្រេងសាំងធម្មតាលក់លើទីផ្សារ៣៧៥០រៀលក្នុងមួយលីត្រ និង៣៣៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។
ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កម្ពុជាក៏ទទួលបានដំណក់ប្រេងដំបូងរបស់ខ្លួន បន្ទាប់ពីពន្យារពេលអស់ជាច្រើនឆ្នាំមក។
មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ទោះបីជាកម្ពុជាបានបូមប្រេងលើកដំបូងរបស់ខ្លួនក្ដី តែតម្លៃប្រេងឥន្ធនៈលើទីផ្សារមិនពាក់ព័ន្ធគ្នានោះទេ ពីព្រោះកម្ពុជានៅតែនាំចូលប្រេងឥន្ធនៈមកប្រើប្រាស់ដដែល ដោយសារតែប្រេងដែលកម្ពុជាទទួលបានគឺជាប្រភេទប្រេងឆៅ និងមិនទាន់កែច្នៃ និងត្រូវការនាំចេញទៅក្រៅប្រទេសដើម្បីកែច្នៃ ហើយនាំចូលប្រេងឥន្ធនៈសម្រេចមកប្រើប្រាស់វិញ។
លោកស៊ាង ថៃ អ្នកនាំពាក្យកក្រសួងពាណិជ្ជកម្មមកម្ពុជា បានថ្លែងកន្លងមកថាការកំណត់ថ្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារមិនមែនក្រសួងពាណិជ្ជកម្មតែមួយជាអ្នកកំណត់នោះ ទេ គឺមានក្រសួងពីរផ្សេងចូលរួមពិភាក្សានិងវាយតម្លៃផងដែរ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល។
ការកំណត់ថ្លៃប្រេងឥន្ធនៈលើទីផ្សារកម្ពុជា គឺពឹងផ្អែកលើទីផ្សារប្រេងអន្តរជាតិ និងការប្រែប្រួលនៃតម្លៃប្រាក់ដុល្លារអាមេរិកធៀបជាមួយនឹងប្រាក់រៀល។
បច្ចុប្បន្នកម្ពុជា បាននាំចូលប្រេងឥន្ធនៈពីប្រទេសជាច្រើនចូលមកកម្ពុជាក្នុងនោះរួមមាន ប្រទេសវៀតណាម ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប់រួម ញូវហ្សេឡែនដ៏ សហរដ្ឋអាមេរិក ចិន កូរ៉េ អាល្លឺម៉ង់ ហុងកុង អ៊ីតាលី ជប៉ុន អ៊ុយគ្រែន អេស្ប៉ាញ ឥណ្ឌា អូស្ត្រាលី ប៉ូឡូញ អង់គ្លេស កាណាដា ហូឡង់ និងប្រទេសប៊ែលហ្ស៊ិកជាដើម៕