សេដ្ឋវិទូៈ វិបត្តិកូវីដ១៩អាចនឹងប៉ះពាល់ដល់ចក្ខុវិស័យកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ កាលពីចុងឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នអន្តរជាតិជាច្រើនទៀតបានព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២១នេះ អាចនឹងមានកំណើន៤ភាគរយ ដោយរំពឹងថាស្ថានភាពកូវីដ១៩ បានធូរស្បើយ ហើយកម្ពុជាក៏អាចគ្រប់គ្រងស្ថានភាពបានល្អក្នុងឆ្នាំ២០២០កន្លងទៅ។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីយ៉ាងណាក៏ដោយ ចូលដល់អំឡុងចុងខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានជួបបញ្ហាមួយធំ គឺការឆ្លងរាលដាលក្នុងសហគមន៍ និងបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។

យោងតាមកិច្ចសម្ភាសន៍រវាងសារព័ត៌មានក្នុងស្រុកលោកឆេង គឹម ឡុងនាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ជាព្រឹត្តិការណ៍ឆ្លងសហគមន៍មួយធំជាងព្រឹត្តិការណ៍លើកទី១ និងលើកទី២ ហើយព្រឹត្តិការណ៍២០ កុម្ភៈនេះបានធ្វើឱ្យប៉ះពាល់សន្តិសុខ សុវត្ថិភាព និងប៉ះពាល់ដល់វិស័យពាណិជ្ជកម្ម និងធុរកិច្ច។

លោកបានបន្តថា នៅពេលមានការឆ្លងកាន់តែទ្រង់ទ្រាយធំ និងមានមនុស្សកាន់តែច្រើនឆ្លងជំងឺនេះ ធ្វើឱ្យហាងទំនិញមួយចំនួនបានបិទទ្វារ កាត់បន្ថយចំនួនបុគ្គលិកធ្វើការ ដែលបង្កឱ្យអាក់ខានផ្នែកធុរកិច្ច បាត់ចំណូលប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យមក៏បាត់ចំណូល។ មិនតែប៉ុណ្ណោះ ការបិទអាជីវកម្មជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនោះ ក៏បានធ្វើឱ្យពលរដ្ឋកាន់តែច្រើនបាត់បង់ការងារ បាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ។

លោកបន្ថែមថា នៅពេលមានព្រឹត្តិការណ៍ឆ្លងសហគមន៍ក្នុងឆ្នាំ២០២១នេះ គេមើលឃើញថាវិស័យធំៗដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា រួមមានវិស័យទេសចរណ៍ វិស័យដឹកជញ្ជូន និងវិស័យជាច្រើនទៀតបានប៉ះពាល់ ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

លោកបានថ្លែងថា “តាមការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកន្លងថា សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចក្នុងកំណើន៤ភាគរយ តែនៅពេលមានព្រឹត្តិការណ៍បែបនេះខ្ញុំយល់ថា សេដ្ឋកិច្ចកម្ពុជានឹងមិនអាចសម្រេចបានតាមផែនការនោះឡើយ ហើយបើសិនជាព្រឹត្តិការណ៍នេះកាន់តែអូសបន្លាយយូរថែមទៀត វានឹងប៉ះពាល់កាន់តែធ្ងន់ថែមទៀតដល់សកម្មភាពការងាររបស់ពលរដ្ឋកម្ពុជា”។

លោកបន្ថែមថា ដើម្បីទប់សេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះបន្ថែមទៀត ប្រជាពលរដ្ឋកម្ពុជាទាំងអស់គឺជាចំណែកធំមួយសម្រាប់ពេលនេះ ដោយត្រូវគោរពតាមវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩នេះ ក្នុងសហកមន៍ និងបញ្ចប់ឱ្យបានឆាប់បំផុត ដើម្បីរុញឱ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការឡើងវិញ។

រហូតមកដល់ថ្ងៃទី ១៥ មីនា ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន១៣២៥នាក់ ក្នុងនោះ អ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ ២០២១ មានចំនួនជាង៨០០នាក់ និងបានរាលដាលទៅដល់ខេត្តព្រះសីហនុ ខេត្តកណ្ដាល តាកែវ ព្រៃវែង កំពង់ធំ ខេត្តកោះកុង និងរាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here