ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនសម្រេចបានទំហំទឹកប្រាក់ប្រមាណ១៧៦លានដុល្លារនៅដើមឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ យោងតាមទិន្នន័យដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានទំហំទឹកប្រាក់សរុបប្រមាណ១៧៦លានដុល្លារ ក្នុងខែមករា ឆ្នាំ២០២១នេះ មានការធ្លាក់ចុះ៣,៧ភាគរយ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈទិន្នន័យដដែលបានបញ្ជាក់ថា កម្ពុជា បានធ្វើការនាំចេញទំនិញតម្លៃ១៣៨លានដុល្លារទៅកាន់ទីផ្សារប្រទេសជប៉ុនក្នុងខែមករា ធ្លាក់ចុះ៧,៨ភាគរយបើប្រៀបធៀបនឹងតួលេខខែមករា ក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់ការនាំចូលរបស់កម្ពុជាពីជប៉ុនក្នុងខែមករា ឆ្នាំ២០២១ មានទំហំទឹកប្រាក់ប្រមាណ៣៧លានដុល្លារ កើនឡើង១៤,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការធ្លាក់ចុះនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ត្រូវបានមើលឃើញថា ដោយសារវិបត្តិកូវីដ១៩ ដែលធ្វើឱ្យមានការរឹតត្បិតទំនិញឆ្លងដែន និងការធ្វើដំណើរនៅជុំវិញពិភពលោក។

វិនិយោគិនជប៉ុន បានបោះទុនវិនិយោគជាង ២៧៩២លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល២៧ឆ្នាំចុងក្រោយ គិតចាប់ឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២០ ដោយបានចូលរួមចំណែកក្នុងការបង្កើតការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here