ក្រុមហ៊ុនធំៗនៅកម្ពុជាកំពុងខាតបង់ប្រាក់រាប់លានដុល្លារពីវិបត្តិកូវីដ១៩ឆ្លងក្នុងសហគមន៍នៅ

ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ នៅដើមឆ្នាំ២០២១នេះ វិនិយោគិន និងសហគ្រិនជាច្រើនបានរំពឹងទុកថាឆ្នាំ២០២១ នឹងជួយពួកគេស្ដារស្ថានភាពក្រុមហ៊ុនឡើងវិញ បន្ទាប់ពីបានលិចលង់អស់រយៈពេលមួយឆ្នាំដោយសារតែវិបត្តិនៃជំងឺរាតត្បាតជាសកល ។ ប៉ុន្តែចូលដល់ឆ្នាំ២០២១មិនបានប៉ុន្មានផង ស្រាប់តែក្រុមហ៊ុនជាច្រើនបានជួបវិបត្តិជាថ្មីសាជាថ្មីបន្ទាប់ពីមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ធ្វើឱ្យអាជីវកម្មជាច្រើនបានបិទទ្វារ និងកំពុងខាតបង់ប្រាក់រាប់លានដុល្លារក្នុងមួយខែៗ ។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាម្ចាស់សាលារៀនអន្តរជាតិធំមួយនៅកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីជំងឺកូវីដ១៩បានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា សាលារៀនរបស់លោកបានខាតប្រាក់ក្នុងមួយខែមិនតិចជាង១លានដុល្លារនោះទេ ។ ការខាតបង់នេះ ដោយសារតែរដ្ឋតម្រូវឱ្យសិក្សាតាមអនឡាញ ហើយថ្វីត្បិតតែការសិក្សាតាមអនឡាញ សិស្សនៅតែបង់ថ្លៃសិក្សាដដែលពិតមែន តែចំណូលដែលធ្លាប់ទទួលបាននៅក្នុងសាលាដូចជាការដឹកជញ្ជូនសិស្ស ការលក់ចំណី អាហារ និងសេវាកម្មជាច្រើនទៀតបានបាត់បង់ទាំងស្រុង ។

លោកឧកញ៉ាបន្តថា ពេលផ្ទុះកូវីដ១៩លើកទី១លើកទី២ សាលារៀនរបស់លោកក៏បានខាតប្រមាណ១លានដុល្លារក្នុងមួយខែ ប៉ុន្តែកាលនោះបានជំនួយពីរដ្ឋាភិបាលដោយសាររដ្ឋបានប្រកាសមិនឲ្យម្ចាស់ផ្ទះដំឡើងថ្លៃជួល ធនាគារបានជួយសម្រួលការបង់ប្រាក់ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កំពុងកើតនេះ ពុំទាន់ឃើញមានការប្រកាសអន្តរាគមន៍ពីរដ្ឋាភិបាលនៅឡើយទេ ។
យោងតាមសម្រងសម្ដីរបស់លោកសោម សម្បតិ្ត នាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ ( Cam Paint ) បានឱ្យដឹងថា អាជីវកម្មរបស់លោកសម្បត្តិ ដើរយឺតជាងផែនការដែលបានគ្រោងទុកដល់ទៅបីឆ្នាំ ហើយធ្វើឱ្យបាត់ចំណូលប្រមាណ២០ភាគរយផងដែរ ។

នៅចុងឆ្នាំ២០២០ លោករំពឹងថាវិស័យទេសចរណ៍នឹងកម្រើកឡើងវិញ ហើយសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន នឹងចាប់ផ្ដើមជួសជុល ពេលនោះតម្រូវការសម្ភារថ្នាំពណ៌នឹងកើនឡើង តែអ្វីដែលគិតនោះ គឺខុសស្រលះបន្ទាប់ពីព្រឹត្តិការណ៍២០កុម្ភៈ ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរជាងកាលពីមុនៗ ។
ក្រៅពីធុរជនទាំងនេះ ក៏មានធុរជន វិនិយោគិន និងសហគ្រិនជាច្រើនទៀត កំពុងជួបប្រទះជាពិសេសបញ្ហាហិរញ្ញវត្ថុតែម្ដង ខណៈការចំណាយនៅតែបន្តជាប្រចាំ តែចំណូលបែរជាធ្លាក់ចុះ និងបាត់បង់អស់ជាច្រើន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here