ក្រុមហ៊ុនអនឡាញខ្នាតយក្សរបស់ចិន JD.com Inc ចរចាទិញយកភាគហ៊ុនក្រុមហ៊ុនអាមេរិកក្នុងតម្លៃ១៥០០លានដុល្លារ

ដោយៈសុខុម

ហុងកុង:  ប្រភពមនុស្ស៣នាក់បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនធ្វើអាជីវកម្មតាមអនឡាញ (E-commerce) ដ៏ធំ JD.com Inc ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន កំពុងចរចាដើម្បីទិញភាគហ៊ុនខ្លះ ឬភាគហ៊ុនទាំងអស់ នៅក្រុមហ៊ុនផ្សារមូលបត្រ Sinolink Securities ដែលមានតម្លៃយ៉ាងតិច១,៥ ពាន់លានដុល្លារអាមេរិក។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១២ មីនា នេះឱ្យដឹងថា ការចរចាទិញយកភាគហ៊ុននេះធ្វើឡើង ខណៈក្រុមហ៊ុននេះមានបំណងជំរុញប្រតិ​បត្តិការសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងទិញយកភាគហ៊ុន ពីYongjin Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Sinolink Securities  នេះនឹងក្លាយជាការទិញយកភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន JD.com Inc នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន ដែលមានតម្លៃរហូតដល់ទៅ៤៥ទ្រីលានដុល្លារអាមេរិក។

ប្រភពមនុស្ស២នាក់ ក្នុងចំណោមប្រភពទាំង៣ ដែលដឹងកិច្ចការនេះដោយផ្ទាល់បានទម្លាយថា ក្រុមហ៊ុនធ្វើអាជីវកម្មតាមអនឡាញដ៏ធំបំផុតទី២ របស់មហាយក្សចិន មួយនេះ បានចាប់ផ្ដើមចរចាជាមួយក្រុមហ៊ុនYongjin Group កាលពីចុងឆ្នាំ២០២០ ដើម្បីទិញយកខ្លះ ឬទាំងអស់នៃភាគហ៊ុនទាំង២៧% របស់ក្រុមហ៊ុននេះ។

យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មាន Reuters បង្ហាញថា ផ្អែកលើតម្លៃទីផ្សាររបស់ក្រុមហ៊ុន Sinolink Securities ចំនួន៣៩ពាន់លានយ័ន (៦ ពាន់លានដុល្លារអាមេរិក) កាលពីថ្ងៃព្រហស្បតិ៍ ទី១១ មីនា ភាគហ៊ុន២៧% នឹងមានតម្លៃប្រហែល១០ ពាន់លានយ័ន (ប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក)។

កិច្ចព្រមព្រៀងទិញយកភាគហ៊ុន ដែលអាចនឹងធ្វើឡើងនេះបានកើតមាន ខណៈក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់មហាយក្សចិន អន្ទះសាចង់ពង្រីកខ្លួនចូលក្នុងសេវាកម្មហិរ​ញ្ញវត្ថុ ទោះបីក្រុមនិយ័តករហិរញ្ញវត្ថុចិន បានធ្វើការទៅលើផ្នែកខ្លះនៃវិស័យយ៉ាងណាក្ដី។

ទោះជាយ៉ាងណា ក្រុមហ៊ុនJD.com Inc ក្រុមហ៊ុន Yongjin Group និងក្រុមហ៊ុន Sinolink Securities មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here