ដោយៈសហការី
ភ្នំពេញៈ នៅក្នុងការប្រកបអាជីវកម្ម ការធ្វើជំនួញ ឬការវិនិយោគនៅក្នុងវិស័យណាមួយ ត្រូវបានធ្វើក្នុងគោលបំណងតែមួយគត់ គឺទទួលបានភាពជោគជ័យ និងមានកំណើនទ្រព្យប្រកបដោយស្ថិរភាព។
លោកបណ្ឌិតហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ដែលមានជំនាញផ្នែកវិនិយោគ និងបណ្តាក់ទុនក្នុងផ្សារភាគហ៊ុន បានមានប្រសាសន៍នៅក្នុងអង្គសិក្ខាសាលាកាលពីពេលកន្លងទៅថ្មីៗនេះថា ការវិនិយោគត្រូវបានធ្វើឡើងច្រើនរូបភាព ដែលរាប់ចាប់តាំងពីការបណ្តាក់ទុន ធ្វើអាជីវកម្មខ្នាតតូច រហូតដល់ការបង្កើតមុខជំនួញ ក្នុងទ្រង់ទ្រាយធំ ឬការបណ្តាក់ទុនទិញភាគហ៊ុនក្នុងផ្សារមូលបត្រ។
លោកលើកឡើងថា “មិនថាចំពោះការបណ្តាក់ទុនវិនិយោគ នៅក្នុងវិស័យណាមួយ ក្នុងទ្រង់ទ្រាយណាមួយនោះទេ អ្វីដែលសំខាន់គឺអាចទទួលបានផលចំណេញ ហើយចំណេញបានច្រើន និងមានកំណើនទ្រព្យប្រកបដោយស្ថិរភាពទៅថ្ងៃអនាគត” ។
លោកបណ្ឌិតហុង សុហូរបានបញ្ជាក់ថា ការវិនិយោគដើម្បីថ្ងៃអនាគត មានភាពរីកចម្រើន ដំបូងឡើយត្រូវផ្តើមចេញពីចំណុចទាំង៣ ជាគោលការណ៍សំខាន់ ដែលត្រូវតែមានការយកចិត្តទុកដាក់ រួមមាន ទី១ ព្យាយាមរកឱកាសវិនិយោគ ទី២ រកអ្នកដែលមានគំនិតអាជីវកម្មល្អ និងច្បាស់លាស់ដើម្បីចូលរួមជាដៃគូ និងទី៣ មិនត្រូវវិនិយោគរហូតអស់ពីខ្លួន ដែលមនុស្សភាគច្រើននិយាយវិនិយោគដល់ថ្នាក់ចងកនោះទេ។
លោកបានពន្យល់ថា ថ្វីត្បិតការវិនិយោគ ត្រូវបានគេធ្វើឡើងច្រើរូបភាព ច្រើនទម្រង់ ប៉ុន្តែអ្វីដែលលោកណែនាំនោះ គឺការវិនិយោគជាក្រុម ឬវិនិយោគដោយការទិញភាគហ៊ុន។ លោកបន្តថា ក្រោយពីមានធនធានគ្រប់គ្រាន់ អ្នកមិនចាំបាច់ត្រូវតែបង្កើតឡើងដោយខ្លួនឯងទាំងស្រុងនោះទេ ប៉ុន្តែអ្នកគួរសម្លឹងមើលក្រុមហ៊ុនណា ឬអាជីវកម្មណាដែលដំណើរការល្អ ដែលត្រូវបានបង្កើតឡើង ដោយអ្នកមានគំនិតអាជីវកម្មពិតប្រាកដ ដែលមានចក្ខុវិស័យច្បាស់លាស់ មានផលិតផលស្រាប់ មានសេវាកម្មស្រាប់ ហើយទាំងផលិតផល និងសេវាកម្មទាំងនោះ នឹងនៅតែបន្តមានតម្រូវការរហូតដល់ដល់ថ្ងៃអនាគត។
លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវព្យាយាមចំណាយទុនលើសពីអ្វីដែលខ្លួនមានឬខ្ចីបុលធនាគារ ដើម្បីបានជាទុនសម្រាប់វិនិយោគនោះទេ ជៀសវាងជួយហានិភ័យ ដោយប្រការណាមួយដែលមិនអាចស្មានបាន។
លោកហុង សុហួរបានបន្តថា “ចូរចាំថា គ្រប់ការវិនិយោគទាំងអស់ មិនមែនសុទ្ធតែទទួលបានផលចំណេញ និងភាពជោគជ័យទាំងអស់គ្រប់ពេលនោះទេ វាក៏អាចជួបភាពបរាជ័យ ដែលបណ្តាលមកពីផែនការអាជីវកម្ម ឬកត្តារួមផ្សំពីសង្គមផងដែរ” ៕