ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមសម្រេចបានទំហំប្រមាណ៣១៩លានដុល្លារនៅដើមឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមមានទំហំទឹកប្រាក់៣១៩លានដុល្លារក្នុងខែមករា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្មីៗនេះ។

កម្ពុជាបាននាំចេញទៅកាន់ប្រទេសវៀតណាមមានទំហំទឹកប្រាក់៤៨លានដុល្លារនៅខែដំបូង ឆ្នាំ២០២១នេះ ហើយកម្ពុជាបាននាំចូលទំនិញពីវៀតណាមមានទំហំទឹកប្រាក់២៧១លានដុល្លារ។

របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលសំខាន់ៗ ដែលវៀតណាម នាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ និងផលិតផលកសិកម្មជាច្រើនទៀត ដូចជាត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯផលិតផល ដែលកម្ពុជានាំចេញ ទៅវៀតណាមវិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផលធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផល ជាច្រើនមុខទៀត។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញ ទៅកាន់វៀតណាម ក្នុងទំហំទឹកប្រាក់ ចំនួន៣៨៥,៧៩២,១៩៣ដុល្លារ ដោយឡែក វៀតណាម នាំចូលទំនិញមកកាន់កម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ ចំនួន២,៦៣៣,៨០៦,២២៣ដុល្លារ។

របាយការណ៍បានបន្ថែមទៀតថា គិតចាប់ពីឆ្នាំ២០២០ ដល់ខែមករា ឆ្នាំ២០២១ កម្ពុជា បាននាំចេញទំនិញ ទៅកាន់ប្រទេសវៀតណាម សរុបចំនួន៤៣៤,៣៤៣,៦៩០ដុល្លារ និងការនាំចូលទំនិញពីប្រទេសវៀតណាមវិញ សរុបចំនួន២,៩០៤,៩៨០,៧៦១ដុល្លារ។

កម្ពុជា និងវៀតណាម បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ហើយត្រូវបានកាត់ផ្តាច់នៅខែមីនា ឆ្នាំ១៩៧០។ ប្រទេសទាំងពី បានតភ្ជាប់ទំនាក់ទំនងឡើងវិញ នៅខែមករា ឆ្នាំ១៩៧៩។

ក្រោយទំនាក់ទំនងថ្មីនេះ មេដឹកនាំប្រទេសទាំងពីរ បានខិតខំរក្សាសន្តិភាព និងអភិវឌ្ឍតាមបណ្តោយព្រំដែន ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ព្រមទាំងជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here