កម្ពុជាត្រៀមបម្រុងកញ្ចប់ថវិកាជាង៨០០លានដុល្លារបន្ថែមដើម្បីស្ដារសេដ្ឋកិច្ចចេញពីវិបត្តិក្នុងឆ្នាំនេះ

ដោយៈសាវុធ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុង កញ្ចប់ថវិកាជាង៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។

លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា កញ្ចប់ថវិកា១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រា យបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ បានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងទៀតថា “ថវិកាយើងបានព្រាងទុកសម្រាប់ឆ្នាំ២០២០ មានចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ យើងមានកញ្ចប់ថវិកាថ្មីថែមទៀត អាចប្រហែលជាង៨០០លានដុល្លារទៀត ដូច្នេះបើសរុបថវិកា ដែលនៅសល់សម្រាប់ចំណាយមានជាង១ពាន់លានដុល្លារ”។

លោកបានបន្តថា សម្រាប់ឆ្នាំ២០២១នេះ យើងប្រើប្រាស់ដូចគ្នាទៅនឹងឆ្នាំ២០២០ដែរ ដូចជាការបើកផ្តល់សម្រាប់អ្នកក្រីក្រ សម្រាប់ជួយដល់បុគ្គលិកកម្មករ ដែលរងផលប៉ះពាល់ សម្រាប់ជួយដល់ការអនុគ្រោះពន្ធ សម្រាប់កម្មវិធីសាច់ប្រាក់ពលកម្ម រួមទាំងផ្នែកសុខាភិបាលផងដែរ ដូចជាការទិញវ៉ាក់សាំងកូវីដ១៩ ជាដើម។

បើតាមអ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា កញ្ចប់ថវិកាប្រមាណ១ពាន់លានដុល្លារ សម្រាប់ចំណាយក្នុងឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំបម្រុងរួចរាល់អស់ហើយ។

រាជរដ្ឋាភិបាលកម្ពុជាបានព្យាករថា ក្នុងឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជានឹងអាចងើបឡើងវិញក្នុងរង្វង់៤ភាគរយ។ ការស្ទុះងើបឡើងវិញ ក្នុងកំណើនគួរឲ្យកត់សំគាល់នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ដោយសារតែការខិតខំប្រឹងប្រែង និងការអន្ដរាគមន៍យ៉ាងខ្លាំងខ្លា របស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមានកញ្ចប់ថវិកាជាង១ពាន់លា​នដុល្លារនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here