តម្លៃជ្រូកលើទីផ្សារហក់ឡើងខ្ពស់ខណៈតម្លៃមាន់ធ្លាក់ចុះមិនធ្លាប់មាន

ដោយៈលក្ខិណា

ភ្នំពេញៈ តម្លៃជ្រូករស់ និងសាច់ជ្រូកលក់លើទីផ្សារនានា ក្នុងប្រទេសកម្ពុជា ឃើញថាបានហក់ឡើងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនបានរអ៊ូរទាំ ដោយសារតែបាត់ចំណូលហើយទំនិញក៏ឡើងថ្លៃ។

ប៉ុន្តែបើក្រលេកទៅមើលមាន់របស់ប្រជាកសិករ ចិញ្ចឹមនៅក្នុងស្រុកវិញ មានការធ្លាក់ចុះខ្លាំងមិនធ្លាប់មាន ហើយមាន់របស់កសិកររាប់លានក្បា​ល កំពុងចាល់ទីផ្សារលក់អត់ចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រ៊ុន ពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១០មិនានេះថា សព្វថ្ងៃនេះតម្លៃជ្រូកវាឡើងបន្តិចក៏ពិតមែន ក៏ព្រោះតែការចិញ្ចឹមរបស់កសិករ បានចំណាយដើមទុនអស់ច្រើនផងដែរ ដោយសារតែថ្លៃចំណី ក៏បានឡើងថ្លៃ ដូច្នេះការលក់ចេញក៏ត្រូវខ្ពស់បន្តិច។

លោកបន្តថា “សាច់ជ្រូកលក់លើទីផ្សារក៏មិនខ្ពស់ប៉ុន្មានដែរ ជាក់ស្ដែងតាមផ្សារនានា ដែលលោកបានចុះសិក្សាស្រាវជ្រាវតម្លៃឃើញថា សាច់ជ្រូកមួយគីឡូក្រាម ក្នុងតម្លៃប្រមាណពី២០,០០០រៀលទៅ ៣០,០០០រៀលគឺសម្រាប់ឆ្អឹងខ្ចី ដែលក្នុងជ្រូកមួយក្បាល មានសាច់ឆ្អឹងខ្ចីប្រភេទនេះត្រឹមតែ៣ ទៅ៤គីឡូក្រាមប៉ុណ្ណោះ”។ លោកថា “ការឡើងថ្លៃនេះដែរ ក៏ដោយសារតែការកំណត់ការនាំចូលបានត្រឹមត្រូវ បើបណ្ដែតបណ្ដោយឱ្យមានការនាំចូលជាបន្តបន្ទាប់ទៀតនោះ នឹងអាចធ្វើឱ្យជ្រូកក្នុងស្រុកធ្លាក់ចុះថ្លៃវិញ ហើ​យថែមទាំងអាចមានហានិភ័យ ក្នុងការនាំយកជំងឺពីប្រទេសជិតខាង ចូលមកចម្លងជ្រូកក្នុងស្រុកផងដែរ”។

ចំណែកអាជីវករលក់សាច់ជ្រូកមួយរូបនៅក្នុងផ្សារដើមគរ បានឱ្យដឹងថា សាច់ជ្រូកដែលតូបអ្នកស្រីលក់ គឺតម្លៃស្មើ៣០.០០០រៀលក្នុងមួយគីឡូក្រាម គឺជាជ្រូកក្នុងស្រុក ហើយជាជ្រូករបស់ប្រជាកសិករចិញ្ចឹមផ្ទាល់ដៃ និងមានការត្រួតពិនិត្យត្រឹមត្រូវ ពីគណៈកម្មការផ្សារ ក៏ដូចជាក្រុមមន្ត្រីជំនាញរបស់ក្រសួងពាក់ព័ន្ធផងដែរ។

ទន្ទឹមនឹងជ្រូកបានហក់ឡើងថ្លៃបន្តិចនេះ តម្លៃមាន់ក្នុងស្រុកបានធ្លាក់ចុះហៅលែងលឺទៅហើយ ធ្វើឱ្យមាន់រាប់លានក្បាលកំពុងរកទីផ្សារលក់ចេញ ដែលធ្វើឱ្យកសិករត្រូវខាតបង់ធ្ងន់ធ្ងរ ។

ចាប់តាំងពីកម្ពុជាបានជួបវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋជាច្រើនបានបង្វែររបររបស់ខ្លួនមករករបរកសិកម្ម ជាពិសេសការចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពបានខ្លះ តែរបរខ្លះក៏ទទួលបានជោគជ័យនិងមានទីផ្សារ ហើយរបរខ្លះក៏មានបញ្ហា ដោយសារតែខ្វះទីផ្សារ ជាស្ដែងដូចជាមាន់នេះជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here