ក្រសួងព្រមានចំពោះអ្នកធ្វើអាជីវកម្មប្រៃសណីយ៍ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបញ្ឈប់ការធ្វើអាជីវកម្មលើវិស័យប្រៃសណីយ៍ ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត។

យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃទី១០ មីនា ២០២១របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យដឹងថា នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរពបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាព ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលទង្វើនេះផ្ទុយនឹងបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីជូនដំណឹងដដែលបានបន្តថា ការដាក់ចេញនូវិធានការនេះ ក្នុងគោលបំណ​ងជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព សណ្ដាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍ អ្នកប្រើប្រាស់ ។ ក្រ​សួងបានបញ្ជាក់ថា ម្ចាស់អាជីវកម្មដែលកំពូងធ្វើប្រតិបត្តិការ ក្នុងវិស័យប្រៃសណីយ៍ទាំងអស់ចូលរួមសហការ ទី១ ចំពោះម្ចស់អាជីវកម្ម ដែលពុំទាន់មានអាជ្ញាបណ្ណសម្រាប់ស្នាក់ការកណ្ដាល និងលិខិតអនុញ្ញាតឱ្យបើកសាខា ដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមកក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

ទី២ ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខា ដែលមានទីតាំងតាមបណ្ដាខេត្ត ត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តដែលសាខានោះតាំងនៅ ។

បើតាមមន្ត្រីនៃអគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍បានឱ្យដឹងថា អាជីវកម្មដែលក្រសួងប្រៃសណីយ៍ ជូនដំណឹងទៅដល់នោះ គឺសំដៅលើអាជីវកម្មបញ្ញើរសហ័ស និងការដឹកជញ្ជូនជាដើម ដែលបច្ចុប្បន្ននេះ ក្រសួងមើលឃើញឃើញថា មួយចំនួនធំគឺមិនទាន់មានអាជ្ញាបណ្ណ ឬក៏លិខិតអនុញ្ញាតនៅឡើយ។ ដូច្នេះ បើសិនជាម្ចាស់អាជីវកម្ម ដែលមិនរួសរាន់មកសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតនឹងត្រូវទទួលទោសទៅតាមច្បាប់ដែលចែង គឺពិន័យជាទឹកប្រាក់ពី៥លានរៀល ទៅ១០លានរៀល ហើយបើមិនរាងចាល នឹងបញ្ជូនសំណុំរឿងទៅកាន់តុលាការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here