ជប៉ុននឹងផ្តល់ជំនួយ៤១លានដុល្លារដល់កម្ពុជានិងប្រទេសចំនួន២៤នៅអាស៊ី-ប៉ាស៊ីហ្វិកដើម្បីពង្រឹងការរក្សាទុក និងចែកចាយវ៉ាក់សាំង

ដោយៈ ម៉ាណេត

តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃអង្គារនេះថា នឹងផ្តល់ជំនួយជាថវិកាទំហំ៤.៥ពាន់លានយេន (៤១លានដុល្លារអាមេរិក) តាមរយៈអង្គការអន្តរជាតិមកកាន់កម្ពុជា និងប្រទេសចំនួន២៤ ស្ថិតនៅតំបន់អាស៊ៅ-ប៉ាស៊ីហ្វិក ដើម្បីជួយប្រទេសទាំងនេះ រៀបចំនិងពង្រឹងបណ្តាញសម្រាប់ការរក្សាទុក និងចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ជប៉ុននឹងផ្តល់ថវិកានេះតាមរយៈអង្គការ UNICEF ដល់ប្រទេសទាំង២៥ ខាងលើនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលរួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ កម្ពុជា ប៊ូតាន ព្រុយណេ ទីម័រខាងកើត ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា ហ្វីជី ម៉ាល់ឌីវ មីក្រូណេស៊ី ប៉ាពួញូហ្គីណេ និងបណ្តាប្រទេសដីកោះតូចៗជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមការចេញផ្សាយដោយសារព័ត៌មាន Kyodo នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា ក្រសួងការបរទេសជប៉ុនបានថ្លែងថា ថវិកាជំនួយខាងលើនឹងត្រូវប្រើប្រាស់ សម្រាប់ការពង្រឹងកន្លែងក្លាសេ យានជំនិះដឹកជញ្ជូន និងសម្ភារៈផ្សេងៗទៀត ដែលចាំបាច់ដើម្បីធានាឲ្យការចែកចាយវ៉ាក់សាំង នៅតាមប្រទេសទាំងនោះ ប្រព្រឹត្តទៅដោយមានស្ថិរភាព។

យោងតាមការបញ្ជាក់របស់ក្រសួងការបរទេសជប៉ុន ប្រទេសសេដ្ឋកិច្ចលេខ ៣ លើលោកមួយនេះមានគោលដៅចង់ឲ្យ ការចែកចាយវ៉ាក់សាំងកូវីដ១៩ គឺអាចទៅដល់ដៃមនុស្សគ្រប់រូប ដែលរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយព្រមជាមួយក្តីសង្ឃឹមថា វិបត្តិជំងឺរាតត្បាតសកលនេះ នឹងស្ថិតក្រោមការគ្រប់គ្រងបាន កាន់តែឆាប់រហ័សតាមដែលអាចទៅរួច។

កន្លងមកជប៉ុនក៏បានសន្យាផ្តល់ថវិកា២០០លានដុល្លារផងដែរ ទៅក្នុងគម្រោង COVAX ដែលវាជាយន្តការអន្តជាតិមួយ សំដៅធានានូវការទទួលបានវ៉ាក់សាំងដោយស្មើភាព សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ យន្តការ COVAX ដែលដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល ហ្គេវី (Gavi) មូលនិធិ CEPI និងអង្គការសុខភាពពិភពលោក (WHO) គ្រោងផ្តល់វ៉ាក់សាំងកីវីដ១៩ ដល់ពិភពលោកសរុបឲ្យបានប្រហែល២ពាន់លានដូស នៅត្រឹមចុងឆ្នាំ២០២១នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here