ដោយៈ លក្ខិណា
ភ្នំពេញៈ ថ្វីត្បិតតែការឆ្លងរាលដាលក្នុងសហគមន៍មានចំនួនកាន់តែច្រើនឡើង ហើយការបិទទីតាំងអាជីវកម្មក៏កាន់តែច្រើនក្ដី អាជ្ញាធរភ្នំពេញក៏បានសម្រេចបើកអាជីវកម្ម ដែលបានបិទកន្លងមកឱ្យដំណើរការឡើងវិញផងដែរ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា ទីតាំងអាជីវកម្មចំនួន២៣កន្លែងត្រូវបានប្រកាសឱ្យបើកដំណើរការឡើងវិញ ដែលទីតាំងទាំងនោះ គឺជាទីតាំង ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ហើយក៏បានស្រាវជ្រាវរកអ្នកពាក់ព័ន្ធរួចហើយផងដែរ។
សេចក្តីប្រកាសនោះបានបង្ហាញផងដែរថា ទីតាំងដែលបានប្រកាសបើកឡើងវិញនោះ រួមមានសណ្ឋាគារ អាផាត់មិន ក្លឹបកម្សាន្ត ផ្ទះរបស់ប្រជាពលរដ្ឋ ខុនដូ និងខារ៉ាអូខេជាដើម។
សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា កម្ពុជានឹងមិនបិទតំបន់ណាមួយទាំងស្រុងនោះទេ រហូតមកដល់ពេលនេះហើយក៏មិនបិទទីក្រុងឬប្រទេសនោះដែរ ព្រោះវាប៉ះពាល់ធំដល់សេដ្ឋកិច្ច និងដំណើរការអាជីវកម្មរបស់ពលរដ្ឋ តែកម្ពុជានឹងបិទទីតាំងណា ដែលពាក់ព័ន្ធដើម្បីស្រាវជ្រាវ និងទប់ស្កាត់។ តែសូមឱ្យពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ និងចូលរួមក្នុងការទប់ស្កាត់ការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរថែមទៀត។
ការបិទអាជីវកម្មមួយចំនួន ដោយសារតែជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ កន្លងមកនេះ គឺវាបានជះផលប៉ះពាល់យ៉ាងខ្លាំងទៅដល់អ្នកបម្រើការនៅក្នុងទីតាំងអាជីវកម្មនោះ និងអ្នកដែលបានទទួលផលដោយប្រយោលពីទីតាំងអាជីវកម្មនោះ ដូចជាក្រុមអ្នកដឹកជញ្ជូនអ្នកដំណើរ ម៉ូតកង់បី តាក់ស៊ីជាដើម។
ការបើកឡើងវិញនេះដែរ វាក៏អាចជួយជំរុញសកម្មភាពសេដ្ឋកិច្ចមួយចំនួនឡើងវិញ ក្នុងពេលដែលជំងឺកូវីដ១៩កំពុងតែបន្តឆ្លងរាលដាលក្នុងសហគមន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងបានបិទទីតាំងអាជីវកម្មថ្មីបន្តបន្ទាប់ ទាំងនៅភ្នំពេញ នៅខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀតផងដែរ៕