ដោយៈ សាវុធ
ភ្នំពេញៈ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា តាមការគណនាប្រាក់ចំណូលសរុប ដែលទទួលបានពីការលក់ស្រូវរបស់ប្រជាកសិករ ដែលមកទទួលគ្រាប់ពូជស្រូវអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្ត្រី គឺអាចមានចំនួនប្រមាណជាង៧៨លានដុល្លារអាមេរិក។
តាមរយៈការចុះពិនិត្យ និងវាយតម្លៃកន្លងមកបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០ កន្លងទៅ បានជួបប្រទះនឹងគ្រោះធម្មជាតិចំនួនពីរដង គឺគ្រោះរាំងស្ងួតដើមរដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀងនៅចុងរដូវវស្សា ដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីដាំដុះ ដំណាំកសិកម្មប្រមាណជា៥៦០,០០០ហិកតា ជាពិសេសដំណាំស្រូវបានរងប៉ះពាល់ សរុបចំនួន៤៤៩ ៧៩៧ហិកតា ដែលក្នុងនោះខូចខាតទាំងស្រុងចំនួន១៥៤,៣២៨ហិកតា ស្ថិតនៅក្នុង១៩ខេត្ត។
លោកវេង សាខុនបានលើកឡើងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ថា ដើម្បីចូលរួមរំលែកទុក្ខលំបាករបស់ប្រជាកសិករ និងក្នុងគោលបំណងជំរុញផលិតកម្មស្បៀង បន្ទា ប់ពីទទួលរងគ្រោះទឹកជំនន់ សម្តេចតេជោ បានដាក់ចេញបទបញ្ជារឲ្យបញ្ចេញ គ្រាប់ពូជស្រូវស្រាល មិនប្រកាន់រដូវជាបន្ទាន់ និងជាបន្តបន្ទាប់ អស់គ្រាប់ពូជស្រូវចំនួន៦៥៧៦តោន ដើម្បីអន្តរាគមន៍ចែកជូនដល់គ្រួសារកសិករចំនួន៦៩,៨១៦គ្រួសារ សម្រាប់ធ្វើការស្តារដំណាំស្រូវឡើងវិញ លើផ្ទៃដីប្រមាណ៦៥,៧៦០ហិកតា។
ដោយមានកិច្ចសហការយ៉ាងជិតស្និត ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដីគ្រប់លំដាប់ថ្នាក់ បានធ្វើអន្តរាគមន៍ផ្តល់គ្រាប់ពូជស្រូវជូនកសិករ ធ្វើការស្តារលើការដាំដុះឡើងវិញ បានទាន់ពេលវេលា ហើយបានប្រព្រឹត្តទៅដោយរលូន។ តាមការគណនាការចំណាយ សម្រាប់ទិញគ្រាប់ពូជស្រូវ និងការដឹកជញ្ជូនគ្រាប់ពូជ សម្រាប់ចែកកសិករ អស់ថវិកាប្រមាណ៤,៥៣លានដុល្លារ។
លោកវេង សាខុនបានបន្តថា ក្នុងការឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ការស្តារការខូចខាតដំណាំស្រូវឡើងវិញ ក្រោយទឹកជំនន់ បានចាប់ផ្តើមពីដើមខែវិច្ឆិកា រហូតដល់ដើមខែធ្នូ ឆ្នាំ២០២០។ លទ្ធផលនៃការស្តារឡើងវិញមកដល់ពេលនេះ គឺបានប្រមូលផលបណ្តើរៗ និងអាចបញ្ចប់នៅដើមខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
តាមរយៈការចុះពិនិត្យ និងវាយតម្លៃកន្លងមកបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវ ដែលបានស្តារឡើងវិញស្ទើតែទាំងអស់ មានការលូតលាស់បានល្អប្រសើរ ហើយនៅតំបន់មួយចំនួន ក៏បានការប្រមូលផលស្រូវជាបណ្តើរហើយដែរ។ រីឯទិន្នផលស្រូវសើម ដែលទទួលបានពី៣ ទៅ៦,៥តោន/ហិកតា (មធ្យម ៤,៥តោន/ហិកតា) អាស្រ័យលើស្ថានភាពដី និងលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងទៀតថា ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះកសិករសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់១ ១០០រៀល/គីឡូក្រាម៕