ដោយៈ សាវុធ
ភ្នំពេញៈ ក្រុមហ៊ុន AppWorks ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមមួយរបស់តៃវ៉ាន់ បានប្រមូលមូលនិធិបាន១១៤លានដុល្លារ ដើម្បីពង្រីកការវិនិយោគនៅតំបន់អាស៊ាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន DealStreetAsia កាលពីដើមសប្តាហ៍នេះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាននេះបានឱ្យដឹងថា មូលនិធិនឹងបន្តផ្តោតលើការវិនិយោគនៅឥណ្ឌូនេស៊ី ហើយស្វែងរកឱកាសវិនិយោគនៅវៀតណាម។
លោក Jamie Lin ប្រធានក្រុមប្រឹក្សាពិបាលក្រមហ៊ុនបាននិយាយថា មូលនិធិថ្មី ដែលមានគោលដៅចំនួន១៥០លានដុល្លារអាមេរិក នឹងស្វែងរកការវិនិយោគក្នុងការបង្កើតអាជីវកម្មថ្មីលើវិស័យ Internet បច្ចេកវិទ្យា Blockchain និងវិស័យហិរញ្ញវត្ថុ។
ផែនការដំបូងនៃការប្រមូលមូលនិធិឱ្យបាន១០០លានដុល្លារ ប៉ុន្តែក្រោយមកក្រុមហ៊ុនបានសម្រេចបង្កើនការប្រមូលមូលនិធីនេះឱ្យបានដល់១៥០លានដុល្លារអាមេរិក បន្ទាប់ពីបានសង្កេតឃើញគម្លាតថវិកាច្រើនសម្រាប់ការចាប់ផ្តើមអាជីវកម្មស៊េរី A និង B នៅអាស៊ីអាគ្នេយ៍ និងតៃវ៉ាន់។
ខណៈពេលដែលមូលនិធិមុនរបស់ក្រុមហ៊ុន AppWorks ផ្តោតលើការវិនិយោគអាជិវកម្មថ្មីៗ មូលនិធិថ្មីដែលមានទុន១៥០លានដុល្លារអាមេរិក នឹងត្រូវប្រើដើម្បីវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មស៊េរី A និងB។
ក្រុមហ៊ុន AppWorks ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០ គឺជាក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មថ្មី (Startup) ធំជាងគេមួយនៅអាស៊ីអាគ្នេយ៍ ដោយបានវិនិយោគនៅក្នុងក្រុមហ៊ុនថ្មីៗចំនួន៣៩៥ និងស្ថាបនិកចំនួន ១,៣៣១ នាក់នៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួន ដែលបង្កើតបានប្រាក់ចំណូលសរុបចំនួន៨.០៥ពាន់លានដុល្លារអាមេរិក៕