អឺរ៉ុបប្រកាសជួយអភិវឌ្ឍន៍វិស័យអាទិភាពចំនួន៤ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញ៖ សហភាពអឺរ៉ុបនៅតែជាដៃគូសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយកន្លងមករហូតមកដល់បច្ចុប្បន្ននេះអឺរ៉ុបបានជួយកម្ពុជាជាច្រើន ក្នុងការជំរុញសេដ្ឋកិច្ចតាមរយៈ ការអភិវឌ្ឍនូវវិស័យមួយចំនួនដែលជាអាទិភាព។

ក្នុងជំនួបរវាងលោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឱ្យដឹងថា សហភាពអឺរ៉ុបបាន រៀបចំសេចក្តីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់ខ្លួន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧។

លោកស្រីបានថ្លែងបន្តថា កម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០២១-២០២៧ ដែលទើបត្រូវបាន បញ្ចប់ និងគ្រោងដាក់ពិភាក្សា និងប្រមូលធាតុចូលក្នុងកិច្ចពិគ្រោះយោបល់រវាងកម្ពុជា និងសហភាពអឺរ៉ុប- ដៃគូអឺរ៉ុបបន្ទាប់ពីការអនុម័តពីគណៈកម្មាធិការអឺរ៉ុបនៅទីក្រុងព្រូចសែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីរំពឹងថា ទំហំហិរញ្ញប្បទានកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧នេះ នឹងមានទំហំប្រហាក់ ប្រហែលនឹងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុប ឆ្នាំ២០១៤-២០២០កន្លងទៅផងដែរ ។

ភាគីកម្ពុជា និងសហភាពអឺរ៉ុប និងដៃគូអឺរ៉ុប បានឯកភាពជាគោលការណ៍លើ អាទិភាពសម្រាប់យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧ ដែលបានតម្រឹមជាមួយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺ៖ ១) ការអភិវឌ្ឍធនធាន មនុស្ស, ២) ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ៣) ការលើកស្ទួយវិស័យឯកជន និងការងារ និង ទី៤) ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ដោយឡែក ចំពោះកម្មវិធីណែនាំពហុឆ្នាំរបស់សហភាព អឺរ៉ុបឆ្នាំ ២០២១-២០២៧ ដែលជាឧបករណ៍ប្រតិបត្តិរវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា បានគាំទ្រ និងឯកភាព លើវិស័យអាទិភាពចំនួន៣ រួមមាន៖ ១) កំណើនបៃតង និងការងារ ២) វិស័យអប់រំ និងបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និង ទី៣) វិស័យអភិបាលកិច្ច។

លោកឈៀង យ៉ាណារ៉ា បានឱ្យដឹងថា អឺរ៉ុបគឺជាដៃគូរអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។ កន្លងមកសហភាពអឺរ៉ុបបានអនុវត្តន៍បានយ៉ាងល្អ នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាក់ស្ដែងក្នុងយុទ្ធសាស្ត្រឆ្នាំ ២០១៤-២០២០សហភាពអឺរ៉ុប បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here