SECC: មូលធនូបនីយកម្មទីផ្សារសរុបមានទំហំទឹកប្រាក់ជាង២,៤ពាន់លានដុល្លារនៅផ្សារមូលបត្រកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទំហំមូលធនូបនីយកម្មទីផ្សារសរុប (Market Cap.) នៅចុងត្រីមាសទី៤ ឆ្នាំ២០២០ មានតម្លៃប្រហែល២,៤៣ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មការមូលបត្រកម្ពុជា (SECC) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

មូលធនូបនីយកម្មទីផ្សារ មានន័យថា គឺជាផលបូកនៃមូលធនូបនីយកម្ម នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនីមួយៗ ដែលមូលធនូបនីយកម្ម នៃក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនីមួយៗ ស្មើនឹងផលគុណនៃថ្លៃបិទជាមួយនឹងចំនួនភាគហ៊ុន ដែលបានចុះបញ្ជីលក់នៅផ្សារមូលបត្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានឱ្យដឹងថា ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ទំហំជួញដូរភាគហ៊ុនសរុ​បមានចំនួន៣.៦៥៥.៩៣៦ភាគហ៊ុន បានកើនឡើងប្រមាណ៧% ប្រៀបធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០ ដែលមានទំហំជួញដូរសរុបចំនួន៣.៤២១.៩២៥ភាគហ៊ុន។

តម្លៃជួញដូរមូលបត្រសរុប មានតម្លៃប្រហែល៣,៤១លានដុល្លារ ថយចុះប្រមាណ ៥៤% ប្រៀបធៀបជាមួយនឹងត្រីមាសទី៣ ឆ្នាំ២០២០។ ចំពោះទំហំជួញដូរជាមធ្យមប្រចាំថ្ងៃមានចំនួន៥៩.៩៣៣ភាគហ៊ុន ដែលមានតម្លៃប្រមាណ២២៦,៤៤ លានរៀល (ប្រហែលនឹង៥៥.៩៧៩ ដុល្លារអាមេរិក)។

ចំណែកឯបញ្ជាទិញមានចំនួន១០,៥៤លានភាគហ៊ុន ខណៈដែលបញ្ញាលក់មានចំនួន១៣,៤៦លានភាគហ៊ុន ដែលបញ្ជាទិញកើនឡើងចំនួន២៦% និងបញ្ហាលក់កើនឡើងចំនួន៣០% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២០។

លោកស៊ូ សុជាតិអគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានថ្លែងថា ព្រឹត្តិបត្រទិន្នន័យជួញដូរមូលមត្រ ត្រូវបានរៀបរៀង និងបោះផ្សាយជាទៀងទាត់ រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើទិន្នន័យជួញដូរមូលបត្រជាក់ស្តែង នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (គ.ម.ក.) ដែលជាទីផ្សារប្រតិស្រុតទទួលបានការអនុញ្ញាតពី គ.ម.ក.។

លោកបានថ្លែងថា “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន សាធារជន ស្ថាប័នស្រា​វ​ជ្រាវ អ្នកវិនិយោគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងទៀត នឹងយកទិន្នន័យ ដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ឬវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ជៀសវាងការមកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ និងអាចធ្វើឱ្យមានខាតបង់ដល់វិនិយោគិន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here