ប្រទេស​ឡាវ​នឹង​ដើរ​តាម​លំនាំ​កម្ពុជា​ក្លាយ​ទិសដៅ​វិនិយោគ​អចលនទ្រព្យដ៏​ទាក់ទាញ​សម្រាប់​ជនបរទេស

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ យោងតាម​ក្រុមអ្នកវិភាគ​បាន​លើកឡើងថា ជាមួយនឹង​ច្បាប់​កម្មសិទ្ធិ​លំនៅដ្ឋាន សម្រាប់​ជនបរទេស​ត្រូវបាន​ប​ន្ធូ​រ​បន្ថយ ប្រទេស​ឡាវ ដែលជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍​តិច​បំផុត​នៅ​អាស៊ីអាគ្នេយ៍ មាន​សក្តានុពល​ក្លាយជា​ទិសដៅ​សម្រាប់​ការវិនិយោគ និង​ក្លាយជា “ប្រទេស​កម្ពុ​ជាថ្មី” ។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន SCMP នៅ​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ។

រដ្ឋាភិបាល​ឡាវ កាលពី​ខែសីហា ឆ្នាំមុន បានដាក់​ចេញ​ជា​ផ្លូវការ​នូវ​ការកែប្រែ​ច្បាប់​ថ្មី ដែល​អនុញ្ញាតឱ្យ​មានកម្ម​សិទ្ធិ​លំនៅដ្ឋាន សម្រាប់​ជនបរទេស​ជា​លើកដំបូង នៅក្នុង​ប្រទេស ដែល​អនុញ្ញាតឱ្យ​ជនបរទេស មាន​សិ​ទ្ឋ​កាន់កាប់​កម្ម​សិទ្ធ​លំនៅដ្ឋាន​រហូតដល់៥០ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់​នេះ​ក៏​បើក​លទ្ធភាព សម្រាប់​ក្រុមហ៊ុន​បរទេស ដើម្បី​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ផងដែរ ប៉ុន្តែ​ដោយសារ​ច្បាប់​នេះ មិនទាន់​ត្រូវបាន​ពិនិត្យ​ពេញលេញ ភាពមិនច្បាស់លាស់ និង​ហានិភ័យ​នៅតែមាន​សម្រាប់​វិនិយោគិន​បរទេស។

ច្បាប់​ថ្មី​នេះ​កើតឡើង ចំពេល​សេដ្ឋកិច្ច​ឡាវ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា បាន​ធ្លាក់ចុះ៤.៥ភាគរយ​នៅក្នុង​ឆ្នាំ២០២០ (យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី) ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង។ មុនពេល​វិបត្តិ​កូ​វិដ១៩ ឡាវ​មាន​កំណើន​ប្រចាំឆ្នាំ​ថេរ​ប្រមាណ ៦.៥ ភាគរយ។

ជាមួយគ្នានេះដែរ យោងតាម​របាយការណ៍​របស់​កាសែត Vientiane Times បានឱ្យដឹងថា ប្រតិបត្តិ​ការទិញ​លក់​អចលនទ្រព្យ ក៏ត្រូវ​បាន​ប៉ាន់​ស្មានថា​បាន​ធ្លាក់ចុះ ចន្លោះ​ពី១៥ ទៅ២០ ភាគរយ​កាលពី​ឆ្នាំមុន។ រហូតមកដល់​ពេលនេះ ឡាវ​បាន​រាយការណ៍​ថា ការឆ្លង​កូ​វីដ១៩មាន​ចំនួន៤៥ករណី ហើយ​បានទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង ពី​ប្រទេស​រុស្ស៊ី និង​ចិន។

លោក Georg Chmiel ប្រធាន​ក្រុមហ៊ុន Juwai IQI Group ដែលជា​ក្រុមហ៊ុន​ប      ច្ចេក​វិទ្យា​អចលនទ្រព្យ មាន​មូលដ្ឋាន​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ដែលមាន​ជំនាញ​ក្នុងការ​បម្រើ​អតិថិជន​អ្នកទិញ​នៅ​អាស៊ី បាន​មានប្រសាសន៍ថា “ការអភិវឌ្ឍ​ថ្មី​ទាំងនេះ​នឹង​បង្កើត​ឱ្យ​តម្រូវការ​ពី​ចិនដីគោក ហុងកុង ជប៉ុន និង​កូរ៉េ” ។

លោក​បាន​ថ្លែងថា វិនិយោគិន​មួយចំនួន​គិតថា ប្រទេស​ឡាវ​ជា​ប្រទេស​កម្ពុ​ជាថ្មី ដែល​មិនអាច​ខកខាន​ការវិនិយោគ ដែល​តម្លៃ​អចលនទ្រព្យ នឹង​កើនឡើង​យ៉ាង​ប្រាកដ ខណៈ​ប្រទេស​នេះ នឹងមាន​កំណើនសេដ្ឋកិច្ច វិនិយោគិន​ចិន​ចូលមក​កាន់តែច្រើន ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​កំពុង​ត្រូវបាន​សាងសង់ឡើង។

ការលើកឡើង​របស់លោក Georg Chmiel សំដៅថា កម្ពុជា​បាន​ទាក់ទាញ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជាមួយ​ច្បាប់​លើកទឹកចិត្ត​ដល់​វិនិយោគិន​បរទេស ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ហើយ​ឡាវ​បាននិងកំពុង​ដើរ​តាម​លំនាំ​របស់​កម្ពុជា ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស ក្នុងការ​ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ខ្លួន។

ធនាគារពិភពលោក​បាន​បង្ហាញថា ប្រទេស​កម្ពុជា គឺ​ទិសដៅ​វិនិយោគ​ដ៏​ទាក់ទាញ​សម្រាប់​អ្នកវិនិយោគ​បរទេស នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ៣,៦៦ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ២០១៩ កើនឡើង​ទ្វេដង ធៀប​នឹង​ទំហំ​ទឹកប្រាក់១,៨២ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៥ ។

នៅ​ប្រទេស​ឡាវ ការកើនឡើង​នៃ​ការវិនិយោគ​បរទេស​ភាគច្រើន នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ទំនងជា​នឹង​ជំរុញ​ការវិនិយោគ​បន្ថែមទៀត នៅក្នុង​វិស័យ​លំនៅដ្ឋាន ខណៈដែល​អ្នកប្រតិបត្តិ​បរទេស នឹង​ស្វែងរក​កន្លែង​ស្នាក់នៅ​សមរម្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here