ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះជាង៤៤ភាគរយ ខណៈប្រឈមបញ្ហាកង្វះកុងតែន័រនិងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ

ដោយៈ ម៉ាណេត

ភ្នំពេញៈ កម្ពុជាបានសម្រេចនូវការនាំចេញអង្ករក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន រយៈពេល២ខែដំបូងដើមឆ្នាំ២០២១នេះ ថយចុះ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) នៅថ្ងៃល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ការថយចុះនេះគឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលនេះផងដែរ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២១ ដែលជាខែមុននេះវិញ យើងឃើញថា របត់នៃការនាំចេញអង្ករកម្ពុជា ក្នុងខែកុម្ភៈនេះ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ។

ជាក់ស្តែង ខែមករា ឆ្នាំ២០២១ កម្ពុជានាំចេញបានត្រឹមតែចំនួន៣៤.២៧៣តោន ទៅកាន់ទិសដៅចំនួន២៨ប្រទេសតែប៉ុណ្ណោះ តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ការនាំចេញ បានកើនឡើងបាន២២% ពោលគឺឡើងដល់៤១.៩៤៩តោន និងទិសដៅទីផ្សារទៀតសោត ក៏កើនដល់ ៣៥ប្រទេសផងដែរ។

ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន៣៧ ៦៣០តោន។

រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន១៨.៩៩៦តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន៨.៨៥០តោន។

ទីផ្សារបន្ទាប់ ដែលមានចំណែក៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសាំងហ្កាពួរ ដែលមានចំនួន៦.២២៩តោន និងចំណែក១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន១៣.៣៦៧តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម។

ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ដែលគិតជាបរិមាណមានចំនួន៦៥.៣៧៤តោន។ អង្ករស ត្រូវបាននាំចេញ១០.១១៦តោន និងអង្ករចំហុយ មាន៧៣២តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here