កូរ៉េខាងត្បូងបញ្ចេញថវិកាបន្ថែមជាង១៣ពាន់លានដុល្លារអាមេរិកដើម្បីស្រោចស្រង់អាជីវកម្មខ្នាតតូច

ដោយៈសុខុម

សេអ៊ូល:  ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី២ មីនា នេះថា ពេលនេះ ខ្លួនកំពុងធ្វើសេចក្ដីព្រាងថវិកាបន្ថែមចំនួន១៥ទ្រីលានវ៉ុន(១៣,៣៨ ពាន់លានដុល្លា​រអាមេរិក) ដើម្បីជួយស្រោចស្រង់អាជីវកម្មខ្នាតតូច និងសង្គ្រោះការងារ ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បង្ខំឱ្យរដ្ឋាភិបាល រក្សាទុកវិធានការរក្សាគម្លាតសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះនិយាយថា ការចំណាយសរុបរបស់រដ្ឋាភិបាលនឹងកើនឡើង ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន៥៧៣ ទ្រីលានវ៉ុន (៥០៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំ២០២១ នេះ ដោយកើនឡើង ១១,៩ភាគរយ បើធៀបនឹងឆ្នាំ២០២០ ខណៈចំណូលពន្ធ ត្រូវបានរំពឹងថានឹងកើនឡើងត្រឹមតែ០,៣%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចំណាយនេះ នឹងធ្វើឱ្យអនុបាតបំណុលធៀបនឹង GDP (Debt-to-GDP Ratio) ធ្លាក់ចុះ ៨,៤% ដល់អត្រាអាក្រក់បំផុតមិនធ្លាប់មាន៤៨,២% ក្នុងឆ្នាំ២០២១ បើធៀបនឹង ៤៣,៩% ក្នុងឆ្នាំ២០២០។

លោក Ahn Do Geol អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ទទួលបន្ទុកកញ្ចប់ថវិកានេះបានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា “យើងចង់ធ្វើឱ្យប្រាកដថា គ្មានចំណុចលាក់បាំងនៅពេលនិយាយដល់ការប្រើមូលនិធិគាំទ្រ (សម្រាប់អាជីវកម្មខ្នាតតូច) បើធៀបនឹងរបៀបដែលយើងបានចំណាយកាលពីមុន”។

រដ្ឋាភិបាលឆ្វេងនិយមបានជំរុញឱ្យក្រុមហ៊ុនមេធំៗ ចែករំលែកប្រាក់ចំណេញមួយចំនួនរបស់ខ្លួនជាមួយអាជីវកម្មខ្នាតតូច ដែលបានរងគ្រោះធ្ងន់ធ្ងរ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុននាំចេញធំៗ បានងើបឡើងយ៉ាងឆាប់រហ័ស។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន រដ្ឋាភិបាលនិយាយថា ខ្លួននឹងបន្តវិធានការរក្សាគម្លាតសុវត្ថិភាពទូទាំង ប្រទេសរយៈពេល២សប្ដាហ៍ទៀត រួមទាំងបម្រាមលើការប្រមូលផ្តុំគ្នាជាលក្ខណៈឯកជនលើសពី៤នាក់ផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានចាប់ផ្តើមក្នុងថ្ងៃតែមួយ គឺជាជំហានដំបូងឆ្ពោះទៅរកគោលដៅ ប្រកបដោយមហិច្ឆតា គឺភាពសាំនឹងវីរុសនេះរបស់ប្រជាជនភាគច្រើននៅត្រឹមខែវិច្ឆិកា។

ការចំណាយ ដែលត្រូវបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារនេះ បន្ថែមពីលើថវិកាប្រយុទ្ធប្រឆាំងការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប្រមាណ៣១០ទ្រីលានវ៉ុន (២៧៥ ពាន់លានដុល្លារអាមេរិក) ចាប់តាំងពីឆ្នាំមុន នៅពេលសេដ្ឋកិច្ចធ្លាក់ចុះ១% ដែលជាការធ្លាក់ចុះច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៩៨ មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here