វិភាគ៖ តើ​សេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន ពិតជា​អាច​បង្កើន​ទំហំ​ទ្វេដង និង​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក​ត្រឹម​ឆ្នាំ២០៣៥?

ដោយៈ​សុខុម

អាមេរិក:  អ្នកជំនាញ​សេដ្ឋកិច្ច​មួយរូប​មកពី Bank of America ដែលជា​ធនាគារ​វិនិយោគ​ពហុ​ជាតិ​សាសន៍ និង​ជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក បាន​លើកឡើងថា មហា​យក្ស​ចិន មានឱកាស​ដ៏​ល្អ​ក្នុង​ការបង្កើន ទំហំ​សេដ្ឋកិច្ច​របស់ខ្លួន​ទ្វេដង និង​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក។ នេះ​បើ​យោងតាម​សារព័ត៌មាន CNBC ចុះផ្សាយ​កាលពី​ថ្ងៃទី២៦ កុម្ភៈ។

ខណៈ​ប្រទេស​ចិន កំពុង​ព្យាយាម​ធ្វើយ៉ាងណា ឱ្យ​ក្លាយខ្លួនជា​ប្រទេស​ជឿនលឿន ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បានលើកឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ ថា វា​អាចទៅរួច​ក្នុងការ​បង្កើន​ទ្វេដង នូវ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ចំណូល​ជា​មធ្យម​ក្នុង​មនុស្សម្នាក់ៗរបស់​ប្រទេស​ចិន នៅត្រឹម​ឆ្នាំ២០៣៥ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបង្កើន​ទំហំ​ទ្វេដង​នូវ GDP របស់​ប្រទេស​ចិន តម្រូវឱ្យ​សេដ្ឋកិច្ច​ទទួលបាន​កំនើន​ប្រចាំឆ្នាំ​ជា​មធ្យម ៤.៧% សម្រាប់​រយៈពេល ១៥ឆ្នាំ​ខាងមុខ ដែល​អ្នកសង្កេតការណ៍​មួយចំនួន​ជឿថា​ពិតជា​ពិបាក​សម្រេចបាន​ណាស់។

ទោះជា​យ៉ាងណា លោកស្រី Helen Qiao ប្រធាន​ផ្នែក​សិក្សា​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ច​អាស៊ី ប្រចាំ​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ BofA Global Research ដែលជា​ផ្នែក​មួយ​របស់ Bank of America បាន​លើកឡើងថា វិធានការ​កែទម្រង់​មួយចំនួន នឹង​ជួយ​រុញច្រាន​ប្រទេស​ចិន​ឱ្យទៅដល់​ចំណុច​នោះ។

លោកស្រី​បាន​ប្រាប់​កម្មវិធី Street Signs Asia របស់​សារព័ត៌មាន CNBC ថា “យើង​គិតថា ប្រទេស​ចិន​នឹង​អាច​សម្រេច​វា​បាន។  លោកស្រី​បន្ថែមថា “បន្ថែម​ពីលើ​ការបង្កើន GDP របស់ខ្លួន​ទ្វេដង មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី មួយ​នេះ​នឹង​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុង​ពិភពលោក អំឡុង​ឆ្នាំ២០២៧ ដល់​ឆ្នាំ២០២៨” ។

មហា​យក្ស​ចិន ស្ថិតក្នុង​ចំណោម​សេដ្ឋកិច្ច​មួយចំនួន​តូច​ណាស់ ទូទាំង​ពិភពលោក​ដែល​ទទួលបាន​កំណើន​ក្នុង​ឆ្នាំ២០២០ បើទោះបីជា​ប្រឈម​ឧបសគ្គ​ជាច្រើន ដែល​បង្កឡើង ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ យ៉ាងណាក្ដី។ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា សេដ្ឋកិច្ច​របស់​មហា​យ​ក្ស​ចិន នៅតែ​អាច​ទទួលបាន​កំណើន២,៣% កាលពី​ឆ្នាំមុន ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​មហា​យ​ក្ស​ចិន នឹង​ទទួលបាន​កំណើន ៨,១% នៅ​ឆ្នាំ២០២១នេះ។

ទន្ទឹមនេះ ទិន្នន័យ​ចុងក្រោយ​បស់​រដ្ឋាភិបាល​បង្ហាញថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក បាន​ធ្លាក់ចុះ ៣,៥%ក្នុង​ឆ្នាំ២០២០ ។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្យាករ​ថា សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក អាច​ទទួលបាន​កំណើន ៥,១% នៅ​ឆ្នាំ២០២១នេះ។

ការព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​របស់​ម​ហា​យក្ស​ចិន

នៅក្នុង​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​កាលពី​ដើមខែ​នេះ លោកស្រី Helen Qiao បានលើកឡើង​ពី​ក្ដី​ព្រួយបារម្ភ​ទូទៅ ដែល​អាច​រារាំង​មហា​យក្ស​ចិន​មិនឱ្យ​ទៅដល់​គោលដៅ​សេដ្ឋកិច្ច​ឆ្នាំ២០៣៥ របស់ខ្លួន។

លោកស្រី​បាន​និយាយ​ពី​មូលហេតុ៣យ៉ាង ដែល​អ្នក​មានគំនិត​ទុទិដ្ឋិនិយម​តែងតែ​លើកឡើង​ដូចខាងក្រោម ដូចជា ទី១ ចំនួន​ប្រជាជន​ដែលមាន​វ័យ​ចំណាស់ របស់​មហា​យក្ស​ចិន នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កំ​ណើ​ន​សក្តានុពល​របស់​ខ្លួន។ ទី២ អនុ​បាត​បំណុល​ខ្ពស់​ធៀប​នឹង GDP (High Debt-to-GDP Ratio) របស់​ប្រទេស​ចិន នឹង​គំរាមកំហែង​ដល់​ស្ថិរភាព​សេដ្ឋកិច្ច។ ទី៣ គំរូ​កំណើនសេដ្ឋកិច្ច​ដែល​នាំមុខ ដោយ​ការវិនិយោគ​របស់​ប្រទេស​ចិន គ្មាន​និរន្តរភាព និង​មិនអាច​ជំរុញ​កំណើន​ក្នុង​រយៈពេល​វែង។

យោងតាម​របាយការណ៍​នេះ​ឱ្យដឹងថា ការព្រួយបារម្ភ​ទាំងនោះ នឹង​ធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​រួម​របស់​ចិន បង្អង់​ល្បឿន។ ជាពិសេស​នោះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ចិន មាន​គោលនយោបាយ​មួយចំនួន ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។

វិធានការ​ទាំងនោះ រួមមាន ការផ្តោត​លើ​ការធ្វើឱ្យ​បំណុល និង​គំនិត​ផ្តួចផ្តើម​នានា​មាន​ស្ថិរភាព​ដើម្បី​ជំរុញ​នគរូបនីយកម្ម និង​ការបើកចំហ​វិស័យ​សេវាកម្ម​បន្ថែមទៀត​ផងដែរ។

លោកស្រី Helen Qiao បាន​ប្រាប់​សារព័ត៌មាន CNBC ថា ទោះជា​យ៉ាងណា ដំណើរ​របស់​ប្រទេស​ចិន ឆ្ពោះទៅកាន់​គោលដៅ២០៣៥ របស់ខ្លួន​គឺ​មិនមាន​ហានិភ័យ​ឡើយ។ លោកស្រី​បាន​បន្ថែមថា ទោះបីជា​ប្រទេស​ចិន ធ្វើកំណែទម្រង់​តាម​ការសន្យា​ក្ដី ក៏មាន​កត្តា​ជាច្រើន ដែល​ប្រទេស​នេះ​មិនអាច​គ្រប់គ្រង​បាន។

អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ​បានលើកឡើង​បន្ថែមទៀត អំពី​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា អាចជា​ការគំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ចិន។

លោកស្រី​ថ្លែងថា “តើ​ទំនាក់ទំនង​នោះ​នឹង​នៅតែ​ផ្អែមល្ហែម និង​មាន​សន្តិភាព​ដែរឬទេ? យើង​មិន​ប្រាកដ​ដល់​ម្ល៉ឹង​ទេ” ។

ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន មាន​ភាព​តានតឹង​កាន់តែខ្លាំង​កើនឡើង អំឡុង​អាណត្តិ​កាន់អំណាច របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​បានក្លាយ​ជាការ​គំរាមកំហែង​ធំ​បំផុត​មួយ ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល មុនពេល​ផ្ទុះ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here