តម្លៃពន្ធនាំចូលរថយន្តមួយទឹកមកកាន់កម្ពុជាចាប់ផ្ដើមឡើងថ្លៃខណៈពន្ធនាំចូលរថយន្តថ្មីថយចុះ

ដោយៈលក្ខិណា

ភ្នំពេញៈ ទីផ្សាររថយន្តមួយទឹក ឬជជុះនៅកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ ខណៈពន្ធនាំចូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រភេទរថយន្តមួយចំនួនទៀត តម្លៃពន្ធក៏មានការថយបន្តិចដែរ។

យោងតាមតារាងតម្លៃពន្ធនាំចូលរថយន្តមួយទឹក មកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២១នេះបានបង្ហាញថា រថយន្តខ្លះបានឡើងថ្លៃពន្ធ រហូតដល់២ម៉ឺនដុល្លារ និងខ្លះទៀតត្រឹម១ពាន់ ឬ២ពាន់ដុល្លារ យោងទៅតាមឆ្នាំផលិតនិងកំលាំងម៉ាស៊ីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសុខ រឹទ្ធីសៅ អ្នកនាំចូលរថយន្តមួយទឹកនៅកម្ពុជាបានឱ្យដឹងនាព្រឹកថ្ងៃទី១ មិនានេះថា តម្លៃឡានមួយទឹកពិតជាឡើងថ្លៃមែន តែក៏មានប្រភេទរថយន្តខ្លះចុះថ្លៃដែរ ក្នុងនោះឡើងជាងមុន សម្រាប់រថយន្តផលិតឆ្នាំ២ឥ០៦ចុះក្រោម នឹងឡើងថ្លៃខ្ទង់២ទៅ៣ពាន់ដុល្លារដែរ បើធៀបជាមួយនឹងឆ្នាំមុន ឆ្នាំ២០២០ ។លោកបន្តថា បើរថយន្តផលិតនៅឆ្នាំ២០០៧ទៅ២០០៩ ចុះថ្លៃវិញប្រហែល២ពាន់ដុល្លារអាមេរិក ហើយសម្រាប់ឡានផលិតនៅឆ្នាំ២០១០ មានខ្លះចុះថ្លៃរហូតដល់៥ពាន់ទៅ៦ពាន់ដុល្លារក៏មានដែរ។ ចំណែកឡានរថយន្តឡិចស៊ីស៤៧០ ផលិតឆ្នាំ២០០៦ចុះក្រោម គ្រាន់តែសាច់ពន្ធឡើងថ្លៃខ្ទង់៥ពាន់ដុល្លារអាមេរិកទៅហើយ។

លោកបន្តថា “ហាងឆេងឡានមួយទឹកមិនងាយធ្លាក់ចុះថ្លៃនោះទេ តែមួយរយៈមុននេះ ដោយសារតែអ្នករកស៊ីឡានមួយទឹកច្រើនពេក ហើយអ្នកខ្លះយកឡានអន់ៗមកលក់ក្នុងតម្លៃទាប ធ្វើឱ្យភ្ញៀវចង់ទិញតែឡានដែលមានតម្លៃទាប តែមិនប៉ុន្មានឡាននោះក៏ខូចធ្វើឱ្យហាងឆេងឡានមួយទឹកមានបញ្ហាតែម្ដងទៅ”។

លោកបន្ថែមថា មានពលរដ្ឋមួយចំនួនមិនចង់ប្រើឡានថ្មីទេ ព្រោះគេគិតថាឡានថ្មីឆាប់ស្រអាប់ពណ៌ ហើយពេលលក់វិញទៅខាតច្រើន ទើបគេទិញតែឡានមួយទឹកពីស្រុកគេមកជិះ ហើយបើចង់លក់វិញក៏មិនខាតច្រើនប៉ុន្មានដែរ ពេលខ្លះថែមទាំងចំណេញទៅទៀត ចំណែកឡានថ្មីដឹងតែខាតហើយ។

កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលបានសម្រេចបន្ធូរបន្ថយពន្ធ នាំចូលរថយន្តថ្មីមកកាន់ប្រទេសកម្ពុជា ជាពិសេសរថយន្តប្រភេទទេសចរណ៍ ហើយអ្នកនាំចូលរថយន្តថ្មីៗមកកាន់កម្ពុជា ក៏អបអរនូវការសម្រេចនេះដែរ តែរដ្ឋាភិបាលក៏បានដំឡើងពន្ធនាំចូលរថយន្តសម្រាប់អ្នកនាំចូលផ្ទាល់ខ្លួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here