ការវិនិយោគរបស់មហាយក្សចិននៅប្រទេសអូស្ត្រាលីដាំក្បាលចុះជាង៦០ភាគរយ

ដោយៈសុខុម

អូស្ត្រាលី:  យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី១ មីនានេះបានឱ្យដឹងថា ការវិនិយោគរបស់ចិន នៅក្នុងប្រទេសអូស្ត្រាលី បានដាំក្បាលចុះរហូតដល់ ៦១% នៅឆ្នាំ ២០២០ ដែលជាតួលេខទាបបំផុតក្នុងរយៈពេល៦ឆ្នាំមកនេះ។

ការធ្លាក់ចុះការវិនិយោគនេះកើតឡើង ស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែប្រេះឆានឹងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យវិនិយោគរបស់ចិន នៅប្រទេសអូស្ត្រាលី ចេញដោយសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បានបង្ហាញថា ការវិនិយោគរបស់ចិននៅអូស្ត្រាលី ក្នុងឆ្នាំ២០២០ មានទំហំត្រឹមតែ១ពាន់លានដុល្លារអូស្ត្រាលី (៧៨០ លានដុល្លារអាមេរិក) ប៉ុណ្ណោះ។

ការវិនិយោគរបស់ចិន មានតែ២០គម្រោងប៉ុណ្ណោះ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២០ បើធៀបនឹង១១១ គម្រោងក្នុងឆ្នាំ២០១៦។ ការធ្លាក់ចុះកាលពីឆ្នាំមុនបានបន្ថែមពីលើការធ្លាក់ចុះ៤៧% ពីឆ្នាំ២០១៩ ដែលពេលនោះទំហំវិនិយោគសរុបរបស់ចិន មាន ១,៥៧ពាន់លានដុល្លារ។

លោកបណ្ឌិត Shiro Armstrong នាយកការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីបូព៌ា (East Asian Bureau of Economic Research (EABER)) បានលើកឡើងថា ការធ្លាក់ចុះការវិនិយោគរបស់ចិន នៅប្រទេសអូស្រ្តាលីលឿនជាងការធ្លាក់ចុះ ការវិនិយោគបរទេសទូទាំងពិភពលោកកាលពីឆ្នាំមុនទៅទៀត។

លោកបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា “ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានធ្លាក់ចុះទូទាំងពិភពលោក៤២% នេះបើយោងតាមអង្គការសហប្រជាតិ។ ទិន្នន័យរបស់អង្គការសហប្រជាជាតិ ត្រូវបានវាស់ស្ទង់ខុសៗគ្នា ប៉ុន្តែការធ្លាក់ចុះជាក់ស្ដែងនូវការវិនិយោគរបស់ចិន ក្នុងប្រទេសអូស្ត្រាលី មានទំហំធំជាងនេះឆ្ងាយណាស់”។

បណ្ដាក្រុមហ៊ុនចិន បានវិនិយោគលើគ្រប់វិស័យ នៃសេដ្ឋកិច្ចរបស់អូស្ត្រាលី ក្នុង      រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកាលពីឆ្នាំមុន ពួកគេបានវិនិយោគតែលើវិស័យអចលនទ្រព្យទំហំ៣៥៧លានដុល្លារ លើវិស័យរ៉ែ៣២១ លានដុល្លារ និងវិស័យផលិតកម្ម ១១៩ លានដុល្លារប៉ុណ្ណោះ។

មានការលើកឡើងថា ការធ្លាក់ចុះនេះមួយភាគ ដោយសារប្រទេសអូស្រ្តាលី រឹតបន្តឹងការវិនិយោគ អំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ទោះជាយ៉ាងណា គេមើលឃើញថា ការវិនិយោគដែលធ្លាក់ចុះយ៉ាងខ្លាំងនេះ កើតឡើងដោយសារភាពតានតឹងកាន់តែខ្លាំងឡើង ក្នុងទំនាក់ទំនងការទូតរវាងប្រទេសអូស្រ្តា​លី និងមហាយក្សចិន។

ទំនាក់ទំនងពាណិជ្ជកម្មមានភាពតានតឹងខ្លាំង ចាប់តាំងពីប្រទេសអូស្រ្តាលីបានអំ​ពាវនាវជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០២០ ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើប្រភពដើមនៃផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ជាការឆ្លើយតប ប្រទេសចិន បានដំឡើងពន្ធខ្ពស់កប់ពពក ឬរឹតបន្តឹងពាណិជ្ជកម្មលើទំនិញបស់អូស្ត្រាលី ដូចជាស្រូវ Barley ស្រា សាច់គោ និងបង្កងជាដើម។ ក្នុងករណីខ្លះ ពន្ធស្រាត្រូវបានដំឡើងរហូតដល់ទៅជាង២០០% ឯណោះ។

ភាពតានតឹងទាំងនេះ ក៏ជះផលប៉ះពាល់ដល់ធ្យូងថ្មផងដែរ ដោយនាវាធ្យូងថ្មរាប់សិបគ្រឿង បានជាប់គាំងនៅឆ្នេរសមុទ្ររបស់ប្រទេសចិន។ បញ្ហានេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្រ្តាលី ព្រោះមហាយក្សចិន ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួនដែលមានទំហំជិត៤០% នៃការនាំចេញសរុបរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here