ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីតកំពុងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ

ដោយៈសុខុម

ក្រុងឌូបៃ:  ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនប្រេងរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco ដែលជាក្រុមហ៊ុនប្រេងធំបំផុតទី៧ ក្នុងពិភពលោកបានស្នើសុំឱ្យធនាគារពន្យារការសងរយៈពេល១មួយឆ្នាំ នូវកម្ចីរបស់ខ្លួនដែលបានកើនឡើងដល់១០ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៨ កុម្ភៈ។

ប្រភពព៌តមាន ដែលដឹងពីរឿងនេះបានទម្លាយឱ្យដឹងទៀតថា ការឡើងថ្លៃប្រេងឆៅ មិនអាចជួយឱ្យក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ កាត់បន្ថយការចំណាយបានឡើយនៅពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន Loan Pricing Corporation ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Refinitiv ដែលផ្ដល់ព័ត៌មានអំពីកម្ចីធនាគារ ដល់ស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក ក៏បានចុះផ្សាយពីរឿងនេះដែរ ហើយប្រភពខាងលើបានបញ្ជាក់ថា វាគឺជាការពិតមែន។

ដោយដកស្រង់ប្រភពធនាគារិកម្នាក់ ក្រុមហ៊ុនLoan Pricing Corporation បានលើកឡើងថា វាជាឆន្ទានុសិទ្ធិរបស់ធនាគារថា តើពន្យារកម្ចីនេះឬក៏អត់ ប៉ុន្តែធនាគារទំនងជាយល់ស្របតាមសំណើរបស់ក្រុមហ៊ុននេះ ដើម្បីរក្សាទំនាក់ទំនងល្អជាមួយក្រុមហ៊ុនSaudi Aramco ដោយសង្ឃឹមទទួលបានការសហការ រកស៊ីជាមួយគ្នាទៀតនៅពេលអនាគត។

ទោះជាយ៉ាងណា ក្រុមហ៊ុន Saudi Aramco បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

ប្រេងឆៅក្នុងទីផ្សារប្រទេសអង់គ្លេស បានឡើងថ្លៃដល់៦៦,១ ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីសប្ដាហ៍មុន។ កាលពីខែឧសភា ឆ្នាំ២០២០ តម្លៃប្រេងឆៅមានតម្លៃត្រឹមតែប្រមាណ៣០ដុល្លារប៉ុណ្ណោះ ក្នុងមួយបារ៉ែល ខណៈតម្រូវការទូទាំងពិភពលោកបានដាំក្បាលចុះដោយសារវិបត្តិកូវីដ-១៩។

ប្រភពបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីឆ្នាំមុនថា ក្រុមហ៊ុនSaudi Aramco នឹងប្រើប្រាស់កម្ចីនេះ ដើម្បីគាំទ្រដល់ផែនការរបស់ខ្លួន ក្នុងការទិញយកយកភាគហ៊ុន៧០% ក្នុងក្រុមហ៊ុន Saudi Basic Industries Corp (SABIC) ពីមូលនិធិវិនិយោគសាធារណៈ (Public Investment Fund) របស់ប្រទេសអារ៉ាប៊ីសាអូឌីត ជាកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃជិត៧០ពាន់លានដុល្លារអាមេរិក។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Saudi Aramco បានដាំក្បាលចុះកាលពីឆ្នាំមុន ប៉ុន្តែក្រុមហ៊ុននេះនៅតែរក្សាការសន្យាចែកភាគលាភ (ចំណែកប្រាក់ចំណេញ)ប្រចាំឆ្នាំប្រ​មា​ណ៧៥ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនបានទៅលើរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

ធនាគារដ៏ធំរបស់អង់គ្លេស HSBC និយាយថា  បំណុលសុទ្ធរបស់ក្រុមហ៊ុន Saudi Aramco ក្នុងឆ្នាំ២០២១ ទំនងជាធ្លាក់ចុះ ហើយភាគលាភអាចនឹងកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here