រដ្ឋាភិបាលអាមេរិកត្រៀមផ្តល់ជំនួយ៣,៥លានដុល្លារដើម្បីជួយលើកកំពស់វិស័យកសិកម្មកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទងនឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។

តាមរយៈការប្រកួតប្រជែងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយក្នុងទឹកប្រាក់ចំនួន៣,៥លានដុល្លារ ដល់ក្រុមហ៊ុនឯកជន ខណៈបញ្ហាប្រឈមសំខាន់ៗក្នុងផ្នែកកសិកម្មនៅកម្ពុ មានដូចជាការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានមានប្រសា​សន៍ថា សហរដ្ឋអាមេរិកគឺជាដៃគូយូរអង្វែងរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្មក្នុងប្រទេ​សនេះ។

លោកបានថ្លែងទៀតថា “ការប្រកួតប្រជែងនេះ មានបំណងជំរុញឲ្យក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិរកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ហើយនិងជំរុញការវិនិយោគ និងការចូលរួមរបស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម”។

ការប្រកួតប្រជែងនេះ ដែលបានបើកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ចំនួន៣,៥លានដុល្លារដល់ក្រុមហ៊ុនឯកជន។

ក្រុមហ៊ុននានា ក៏តម្រូវឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយទល់នឹងមួយ ហើយធ្វើការជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់បំផុត ក្នុងការងារទាក់ទ​ងនឹងប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ក្នុងឃ្លាំង និងផ្នែកភស្តុភារ នៅក្នុងវិស័យកសិកម្ម។

ការប្រកួតនេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេ​សកម្ពុជា ឲ្យសម្រេចជោគជ័យលើអាទិភាព ជាយុទ្ធសាស្រ្តក្នុងផែនការអភិវឌ្ឍក្នុងវិស័យ​កសិកម្ម ឆ្នាំ ២០១៩ -២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។

ស្ថានទូតសហរដ្ឋអាមេរិក កំពុងទាញការចាប់អារម្មណ៍ លើការដែលកម្មវិធីដៃគូរបស់ខ្លួន រួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅឆ្នាំនេះជាផ្នែកមួយនៃយុទ្ធនាការ កម្ពុជា–អាមេរិក ២០២១ ឬ «AmCam 2021» ។ នៅត្រីមាសទី១ នៃឆ្នាំនេះ ស្ថានទូត ផ្តោតលើប្រធានបទវិបុលភាព និងនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here