វិស័យធានារ៉ាប់រងអាយុជីវិតនៅតែមានឱកាសខ្ពស់ក្នុងការវិនិយោគ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ វិនិយោគិននៅក្នុងប្រទេសកម្ពុជានៅតែមានឱកាសខ្ពស់ក្នុងការវិនិយោគជាមួយនឹងវិស័យធានារ៉ាប់រងអាយុជីវិត ខណៈវិស័យមួយនេះ ហាក់នៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសជិតខាង ដោយក្នុងនោះមានអ្នកប្រើប្រាស់សេវាធានារ៉ាប់រងតិចតួចនៅឡើយ។

លោក ជៀប សុភ័ក្រ នាយកប្រតិបត្តិផ្នែកចែកចាយនៃ ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេឡាយហ្វ៍ បានឱ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ ថា សម្រាប់ប្រទេសកម្ពុជា វិស័យធានារ៉ាប់រងអាយុជីវិត អាចនិយាយបានថាទើបតែមានអាយុកាលជាង១ទសវត្សរ៍ប៉ុណ្ណោះ ខណៈបណ្ដាប្រទេសជាច្រើននៅលើពិភពលោកមានអាយុកាលរាប់រយឆ្នាំហើយ។

ក៏ប៉ុន្តែសម្រាប់កម្ពុជា បើទោះបីជាមានអាយុកាលជាង១០ឆ្នាំនេះក្ដី តែការទាក់ទាញនូវវិនិយោគទុនពីបរទេសនិងក្នុងស្រុកទៅលើវិស័យធានារ៉ាប់រងមានទំហំគួរអោយកត់សម្គាល់ ដូច្នេះវាឱកាសល្អ សម្រាប់សិស្សនិស្សិត បញ្ញាវ័ន្ត ដែលកំពុងសិក្សានិងត្រៀមខ្លួនចូលទៅក្នុងវិស័យនេះ អាចទទួលបានប្រាក់ចំណូលខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាយោងតាមរបាយការណ៍និងការសិក្សានានាបានបង្ហាញថា សព្វថ្ងៃនេះអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងមានក្រោម៣ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបទូទាំងប្រទេស ដូច្នេះមនុស្ស១០នាក់មានមិនដល់១នាក់ផងប្រើសេវាកម្មធានារ៉ាប់រងអាយុជីវិត។

នេះគឺជាសក្ដានុពលដ៏ធំមួយ ដូច្នេះទើបលោកនិយាយថានេះគឺជាឱកាសដ៏ល្អសម្រាប់វិនិយោគនិងចូលរួមជាមួយ ។ លោកថា “បើយើងជាអ្នកទីផ្សារសួរថាតើយើងគួរតែទៅរកកន្លែងណាមិនទាន់មានអ្នកលក់ឬក៏ទៅកន្លែងដែលមានអ្នកលក់ច្រើន”។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងបានបង្កើនដើមទុននិងបុព្វលាភធានារ៉ាប់រងជាបន្តបន្ទាប់ ក៏ប៉ុន្តែបើធៀនឹងប្រទេសជិតខាងឃើញថាកម្ពុជានៅមានទំហំតូចនៅឡើយ ហើយក៏ត្រូវការអ្នកវិនិយោគទាំងនិងក្រៅប្រទេសដើម្បីចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ។

យោងតាមរបាយការណ៍របស់សមាគមធានារ៉ាប់រងនៅកម្ពុជា បច្ចុប្បន្ននេះ មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតប្រមាណ១០ប៉ុណ្ណោះដែលកំពុងធ្វើប្រតិបត្តិលើទីផ្សារធានារ៉ាប់រងអាយុជីវិត ក្នុងនោះគេឃើញមានក្រុមហ៊ុនធំៗមួយចំនួនកំពុងធ្វើសកម្មភាពផុសផុលដូចជាក្រុមហ៊ុនមេនូឡាយហ្វ៍ ក្រុមហ៊ុន Prudential សុវណ្ណភូមិ អេអាយអេ ហ្វតតេជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here