ដោយៈលក្ខិណា
ភ្នំពេញៈ មានពលរដ្ឋនិងសាធារណជនជាច្រើនបានលើកជាចម្ងល់ថា ហេតុអ្វីកម្ពុជាទទួលបានដំណក់ប្រេងហើយ តែបែរជាតម្លៃប្រេងសាំងលក់រាយលើទីផ្សារ បានបន្តកើនឡើងជាបន្តបន្ទាប់ ដែលខុសពីការរំពឹងរបស់សាធារណជន ដែលគិតថាតម្លៃប្រេងនឹងធ្លាក់ចុះ ក្រោយពេលកម្ពុជាទទួលបានដំណក់ប្រេងនេះ។
ថ្ងៃនេះCambodiafinancilatimes សូមលើកយកនូវមូលហេតុមួយចំនួនមកពន្យល់ និងបកស្រាយជូនសាធារណជន ដើម្បីបាត់ចម្ងល់ពាក់ព័ន្ធនឹងតម្លៃប្រេង ឡើងថ្លៃលើទីផ្សារលក់រាយក្រោយពេលកម្ពុជាទទួលបានដំណក់ប្រេង។
បើយោងតាមគេហទំព័រហិរញ្ញវត្ថុកាក់សេន ដែលប្រមូលផ្ដុំដោយអ្នកជំនាញហិរញ្ញវត្ថុបានពន្យល់ថា តាមពិតទៅ តំណក់ប្រេងដែលកម្ពុជារកបាននោះជា «វត្ថុធាតុដើម» ដោយយើងមិនអាចយកវា ទៅចាក់បញ្ចូលយានជំនិះបាននោះទេ ។ វាជាប្រភេទប្រេងឆៅ ដែលមុននឹងចេញជាប្រេងឥន្ទនៈ គេត្រូវយកវាទៅចម្រាញ់ជាមុនសិន។
ដោយឡែក ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងពុំទាន់មានរោងចក្រចម្រាញ់ប្រេងឆៅនោះឡើយ ។ នោះបានន័យថា យើងនៅតែបន្តនាំចូលប្រេងឥន្ធនៈ ដែលតម្លៃប្រេងឥន្ធនៈត្រូវបានកំណត់ ទៅតាមតម្លៃទីផ្សារអន្តរជាតិ។ ហេតុនេះ តំណក់ប្រេងដំបូងកម្ពុជាពុំបានជះឥទ្ធិពលដល់តម្លៃប្រេងសាំង ក្នុងប្រទេសកម្ពុជានោះឡើយ។
បើយើងក្រឡេកទៅមើលតម្លៃប្រេងឆៅ ក្នុងទីផ្សារអន្តរជាតិក៏បានកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ ដ្បិតថាតម្រូវការប្រេងសាំងមានការកើនឡើងវិញ បន្ទាប់ពីសេចក្ដីប្រកាសរកឃើញនូវវ៉ាក់សាំងជំងឺកូវីដ១៩ ។ ការប្រកាសនេះ ធ្វើឱ្យជំនឿជឿជាក់ប្រជាជនត្រឡប់មក រីឯជំនួញអាជីវកម្មចាប់ផ្ដើមដំណើរការប្រសើរឡើង ដែលកត្តាទាំងនេះហើយ ដែលធ្វើឱ្យតម្រូវការប្រេងកើនក៏ឡើងដែរ។
តម្លៃប្រេងឥន្ទនៈនៅក្នុងឆ្នាំ ២០២០ សម្រាប់ប្រេងសាំងមានតម្លៃ ២៣៥០រៀល ខណៈពេលគិតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈនេះ តម្លៃសាំងធម្មតាមានតម្លៃ៣៥០០រៀលក្នុងមួយលីត្រ។ តែយ៉ាងណាក្ដីសម្រាប់ព័ត៌មានពីតម្លៃប្រេងអន្តរជាតិ ត្រូវបានរាយការណ៍បានចាប់ផ្ដើមចុះបន្តិចវិញ ដោយសារតែការផលិតហួសតម្រូវការ ក្នុងប្រទេសផលិតប្រេងមួយចំនួន។ គេជឿជាក់ថាតម្លៃប្រេងសាំង ក៏អាចធ្លាក់ចុះបន្តិចវិញផងដែរ នៅពេលខាងមុខនេះ៕