ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន២ ដែលបោះទុនវិនិយោគប្រមាណ១១,៨លានដុល្លារ និងបង្កើតការងារជាង២.៤០០កន្លែងដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
ទី១) គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន OCEAN APPAREL MANUFACTURING CO., LTD មានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១ ផ្លូវជាតិលេខ៤ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៣០០កន្លែង។
ទី២) គម្រោងបង្កើតរោងចក្រផលិតផ្ទាំងកញ្ចក់សូឡា របស់ក្រុមហ៊ុន “GLAMOR GLASS CO., LTD” មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គិរីសាគរ កោះកុង និងមានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩០កន្លែង៕