កូវីដ១៩កំពុងបង្កក្តីបារម្ភពីការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ

ដោយៈ សាវុធ

ភ្នំពេញៈ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញនូវការព្រួយបារម្ភពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ” ដែលវាអាចមានផ្ដល់ប៉ះពាល់ទៅដល់ចំណូលពន្ធ (ចំណូលជាតិ)។

រដ្ឋមន្រ្តីប្រតិភូមអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ឋដាលោកគង់ វិបុលបានថ្លែងកាលពីថ្ងៃម្សិលម៉ិញនេះថា ចំពោះបញ្ហានេះ គឺធម្មតាឱ្យតែមានការរីករាលដាលឆ្លង យើងព្រួយបារម្ភតាំងពីឆ្នាំមុន។ សេដ្ឋកិច្ចមានការប៉ះពាល់ ហើយចំណូលក៏មានការប៉ះពាល់”។លោកឱ្យដឹងទៀតថា “ពន្ធដារមានការព្រួយបារម្ភ ខ្លាចមិនគ្រប់ផែនការ ហើយវានឹងធ្វើឲ្យមានបញ្ហាច្រើន ចំពោះថវិកាជាតិ ព្រោះថាចំណូលពន្ធដារ គឺជាចំណូលទី១ នៅក្នុងចំណោមអង្គភាពដែលប្រមូលចំណូល ជូនរាជរដ្ឋាភិបាល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើទោះជាមាន ការព្រួយបារម្ភ ពីការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ” យ៉ាងណាក្ដី ក៏លោកគង់ វិបុលបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ មិនប្រងើយកណ្តើយចំពោះវិបត្តិជំងឺកូវីដ-១៩នោះទេ ហើយពន្ធដារនៅតែបន្ដវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រមូលពន្ធ។

ជាមួយគ្នានេះដែរ លោក គង់ វិបុល បានគូសបញ្ជាក់ថា ការព្រួយបារម្ភ អំពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ” នេះមិនមែនព្រួយបារម្ភ ត្រឹមកម្រិតអគ្គនាយកដ្ឋានពន្ធដារប៉ុណ្ណោះទេ គឺមានការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលទាំងមូល។

អគ្គដ្ឋានពន្ធដារ នៅឆ្នាំ២០២០ ប្រមូលបានប្រមាណ២,៨៨៩.០២លានដុល្លារអាមេរិក ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូល ពន្ធ-អាករ ប្រមូលបាន ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩បានរកឃើញថា កើនឡើងចំនួន៤២៣.២០ ប៊ីលានរៀល (ប្រមាណជា១០៤,៤៩លានដុល្លារ) ស្មើនឹង៣.៧៣%៕

LEAVE A REPLY

Please enter your comment!
Please enter your name here