ហុងកុងនឹងក្លាយជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀង RCEP

ដោយៈ សាវុធ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់របស់កម្ពុជា បន្ទាប់ពីហុងកុង បង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

លោកសុខ សុភ័ក្ត្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងដូច្នេះ ក្នុងពិភាក្សាជាមួយគណៈប្រតិភូតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Edwad Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ (Video Conference)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការបានថ្លែងថា ហុងកុងប្រទេសចិនមានចំណាប់អារម្មណ៍ ក្នុងការចូលជាភាគីកិច្ចព្រមព្រៀងអាសិប ស្របតាមនីតិវិធី និងលក្ខខណ្ឌតម្រូវនានា ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

លោកថ្លែងបន្តថា “កម្ពុជារំពឹងថា ហុងកុងប្រទេសចិននឹងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ ក្នុងការទ្រទ្រង់ការរីកចម្រើនរបស់អាស៊ាន និងតំបន់ RCEP រួមទាំងកម្ពុជាផងដែរ បន្ទាប់ពីក្លាយជាភាគីនៃកិច្ចព្រមព្រៀងនេះ”។

ហុងកុងក៏បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេស ព្រមទាំងការពង្រឹងសមត្ថភាពលើវិស័យពាណិជ្ជកម្មអេឡិចត្រូវនិក (E-Commerce) សម្រាប់ជួយកម្ពុជា ក្នុងការចូលរួមចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចសហប្រតិបត្តិការនានាក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here