ក្រុមហ៊ុនយក្ស Apple របស់រដ្ឋអាមេរិកទិញយកក្រុមហ៊ុនមួយរាល់៣ទៅ៤សប្ដាហ៍ម្ដង

ដោយៈ សុខុម

អន្តរជាតិៈ លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានទម្លាយរឿងគួរឱ្យភ្ញាក់ផ្អើលថា ក្រុមយក្សរបស់រដ្ឋអាមេរិកមួយនេះ បានទិញយកក្រុមហ៊ុនរហូតដល់ទៅប្រមាណ១០០ក្រុមហ៊ុន ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៤ កុម្ភៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អំឡុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយបណ្ដាភាគហុនិក (ម្ចាស់ភាគហ៊ុន) កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ លោក Tim Cook បានបញ្ជាក់ថា ក្រុមហ៊ុន Apple ទិញយកក្រុមហ៊ុនមួយរាល់៣ ទៅ៤សប្ដាហ៍ម្ដង។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទទួលបានប្រាក់ចំណូលប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្ររហូតដល់ទៅ១១១,៤ពាន់លានដុល្លារ ក្នុងត្រីមាសទី១ នៃឆ្នាំសារពើពន្ធ២០២១។

លោកបានបញ្ជាក់ប្រាប់បណ្ដាភាគហុនិកថា ការទិញយកក្រុមហ៊ុនទាំងនេះភាគច្រើនគឺក្នុងគោលបំណងប្រមូលយកបច្ចេកវិទ្យា និងអ្នកមានទេពកោសល្យ។

ការទិញយកធំបំផុតរបស់ Apple ក្នុងមួយទសវត្សរ៍ចុងក្រោយនេះគឺការទិញយកក្រុមហ៊ុន Beats Electronics ក្នុងតម្លៃ៣ពាន់លានដុល្លារ។ Beats Electronics ជាក្រុមហ៊ុនផលិតកាសទូរស័ព្ទដែលបង្កើតឡើងដោយលោក Dr Dre ដែលជាតារាចម្រៀង Rap និងជាផលិតករជនជាតិអាមេរិក។

ការទិញយកដ៏ធំមួយទៀតក្នុងឆ្នាំ២០១៨ គឺការទិញយកក្រុមហ៊ុនសូហ្វវែរកំណត់សម្គាល់តន្ត្រី Shazam ក្នុងតម្លៃ ៤០០ លានដុល្លារ។

ភាគច្រើនក្រុមហ៊ុន Apple ទិញយកក្រុមហ៊ុនបច្ចេកវិទ្យាតូចៗ ហើយបន្ទាប់មកយកនវានុវត្តន៍ថ្មី (ស្នាដៃច្នៃបង្កើតថ្មី) របស់ក្រុមហ៊ុនទាំងនោះដាក់បញ្ចូលទៅក្នុងផលិតផលរបស់ខ្លួន។ ជាឧទាហរណ៍ ការទិញយកក្រុមហ៊ុនបច្ចេកវិទ្យា PrimeSense របស់អ៊ីស្រាអែល បានរួមចំណែកដល់ការបង្កើតបានមុខងារបច្ចេកវិទ្យាសុវត្ថិភាព FaceID របស់ Apple៕

LEAVE A REPLY

Please enter your comment!
Please enter your name here