តម្លៃប្រេងដាំក្បាលចុះជាថ្មីក្រោយមានដំណឹងថាស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកកើនឡើង

ដោយៈ សុខុម

មែលប៊ន: តម្លៃប្រេងបានសំយ៉ុងក្បាលចុះជាថ្មីនៅក្នុងការជួញដូរកាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទិន្នន័យឧស្សាហកម្មបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើងលើសការរំពឹងទុកកាលពីសប្ដាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ចុះផ្សាយក្នុងថ្ងៃដដែល។

ដំណឹងនេះដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតមានឡើង ខណៈព្យុះព្រិលទឹកកកនៅក្នុងបណ្ដារដ្ឋភាគខាងត្បូងបានបង្ខំឱ្យរោងចក្រចម្រាញ់ប្រេងនានាបិទទ្វារជាបណ្ដោះអាសន្ន។

វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិក (American Petroleum Institute (API)) បានរាយការណ៍កាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង១លានបារ៉ែលនៅក្នុងសប្ដាហ៍គិតត្រឹមថ្ងៃទី១៩ កុម្ភៈ ដែលខុសពីការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានធ្លាក់ថ្លៃ៥៥សេន ឬ០,៩% មកនៅត្រឹម៦១,១២ដុល្លារអាមេរិក ក្រោយធ្លាក់ចុះ ៣ សេនកាលពីថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ។ ចំណែកឯតម្លៃប្រេងក្នុងទីផ្សារអង់គ្លេស បានធ្លាក់ចុះ៣៨សេន ឬ ០,៦% មកនៅត្រឹម៦៤,៩៩ដុល្លារអាមេរិក។

បណ្ដាវិនិយោគិនកំពុងតែរង់ចាំការបញ្ជាក់ជាផ្លូវការពីរដ្ឋបាលព័ត៌មានថាមពល (Energy Information Administration (EIA)) របស់សហរដ្ឋអាមេរិក ថា តើស្តុកប្រេងឆៅកាលពីសប្ដាហ៍មុនពិតជាបានកើនឡើងមែន ឬក៏គ្រាន់តែជាពាក្យចចាមអារ៉ាម ព្រោះតាមដឹង ព្យុះព្រិលទឹកកដ៏កំណាចមិនធ្លាប់មាននៅក្នុងបណ្ដារដ្ឋភាគខាងត្បូងរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋតិចសាស ផងបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សង្វាក់ផលិតកម្មប្រេង។

លោក Vivek Dhar ដែលជាអ្នកវិភាគនៅធនាគារអូស្ត្រាលី Commonwealth Bank បានលើកឡើងយ៉ាងដូច្នេះថា “សំនួរគន្លឹះគឺថា ហេតុដូចម្ដេចបានជាការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិក រើបឡើងឆាប់រហ័សខ្លាំងម៉្លេះ? វាហាក់ដូចជា ការផ្គត់ផ្គង់រើបឡើងលឿនជាងការចម្រាញ់ ហើយការផ្គត់ផ្គង់នឹងលើសពីតម្រូវការនៅពីរបីសប្ដាហ៍ក្រោយ។ ហើយបើបែបនោះមែន វានឹងជះផលអវិជ្ជមានមកលើទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here