ការនាំចេញ និងនាំចូលតាមរយៈ SSEZ សម្រេចបានប្រមាណ១៤៩លានដុល្លារនៅដើមឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រេចបានទំហំទឹកប្រាក់ប្រមាណ១៤៩លានដុល្លារនៅខែមករា ឆ្នាំ២០២១ កើនឡើង១៦.៤១% បើប្រៀបធៀបនឹង១២៨លានដុល្លារអាមេរិកក្នុងរយៈពេលកាលពីឆ្នាំមុន។ យោងតាមស្ថិតិចុងក្រោយរបស់ SSEZ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមរបាយការណ៍បានឱ្យដឹងទៀតថា ការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់ SSEZ នៅក្នុងខែមករា ឆ្នាំ២០២១ កើនឡើង៩.៥៦ភាគរយ បើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ២០២០ ហើយនេះគឺជាសមិទ្ធផលជាផ្លែផ្ការបស់សហគ្រាសក្នុងតំបន់ SSEZ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឆាវ ជានជាំង (CAO JIANJIANG) អគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងថា នៅឆ្នាំ២០២០ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលត្រូវបានរងការវាយប្រហារដ៏ធ្ងន់ធ្ងរនៃការរីករាលដាលជំងឺកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានខិតខំទប់ស្កាត់ជំងឺកូវីដ១៩ បណ្តើរ ដំណើរការផលិតកម្មបណ្តើរ ដែលបានធានានូវដំណើរការជាប្រក្រតីនៃតំបន់សេដ្ឋកិច្ចពិសេសទាំងមូល និងរក្សាស្ថេរភាពការងារសម្រាប់កម្មករបុគ្គលិកជិត ៣០,០០០ នាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកបានថ្លែងទៀតថា មិនតែប៉ុណ្ណោះ ទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានការកើនឡើងជាបណ្តើរៗ។

លោកបានឱ្យដឹងទៀតថា នៅឆ្នាំ២០២១នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងបន្តបង្កើនទំនុកចិត្តចាប់យកឱកាសនីមួយៗ ខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់ កម្រិតខ្ពស់ និងគុណភាពខ្ពស់ ដូចជា បន្តពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួបរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោកបានថ្លែងបន្តថា ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ការចាត់ចែងនៃក្រុមការងារបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចាត់ទុកការការពារសុខភាពសុវត្ថិភាព និងអាយុជីវិតរបស់បុគ្គលិកកម្មកររាប់ម៉ឺននាក់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមូលដ្ឋានគ្រឹះនៃការការអភិវឌ្ឍប្រកបដោយស្ថិរភាពរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តែងតែដើរតួនាទីជាក្បាលម៉ាស៊ីនក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងឆ្នាំ២០២១នេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើននាថ្ងៃខាងមុខ និងចូលរួមចំណែកកាន់តែខ្លាំងឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here